ភាពភ័យខ្លាចនិងការឈឺចាប់អាចប៉ះពាល់ផ្លូវចិត្តរបស់កុមារភៀសសឹក

  • 2025-12-22 02:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធាថៃនៅ​តែបន្តឈ្លានពានមកលើកម្ពុជា ដោយនៅតែបាញ់ស្រោចទម្លាក់គ្រាប់បែកធុនធ្ងន់មកលើកម្ពុជា និងបានបំផ្លាញផ្ទះសម្បែងប្រជាជនស៊ីវិលស្លូតត្រង់ ស្ពាន ប្រាសាទ វត្តអារាម និងហេដ្ឋារចនាសម្ព័នផ្សេងទៀតជាច្រើន។ ដោយសារតែទង្វើនេះហើយ បានធ្វើឱ្យប្រជាពលដ្ឋជាច្រើនខេត្តដែលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រត់ភៀសខ្លួនដើម្បីទៅរកទីដែលមានសុវត្ថភាពដើម្បីរក្សាជីវិត។

ជម្លោះនេះ​មិនត្រឹមតែបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្សល់ទុកនូវ ស្នាមរបួសដែលមើលមិនឃើញយ៉ាងជ្រៅនៅក្នុងចិត្តរបស់កុមារ។ នៅពេលកុមារត្រូវរត់ភៀសខ្លួន ចាកចេញពីផ្ទះសម្បែង និងជួបប្រទះភាពភ័យខ្លាច ពួកគេនឹងជួបប្រទះបញ្ហា និងសតិអារម្មណ៍ជាច្រើនដោយក្នុងនោះរួមមាន ៖

១. ផលប៉ះពាល់លើសតិអារម្មណ៍ និងផ្លូវចិត្ត

កុមារដែលស្ថិតក្នុងស្ថានភាពសង្គ្រាម តែងតែជួបប្រទះនូវស្ថានភាពដែលគេហៅថា "ស្ត្រេសពុល" (Toxic Stress) ដែលប៉ះពាល់ដល់ការលូតលាស់ខួរក្បាលយ៉ាងធ្ងន់ធ្ងរដូចជា៖

ភាពតក់ស្លុត និងភ័យរន្ធត់: កុមារអាចនឹងឃើញការបាញ់បោះ ការស្លាប់ ឬការបែកបាក់គ្រួសារ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាពិភពលោកលែងជាកន្លែងសុវត្ថិភាព។

បញ្ហាស្ត្រេសក្រោយព្រឹត្តិការណ៍រន្ធត់: ពួកគេអាចជួបប្រទះនូវការយល់សប្តិអាក្រក់ ការភ័យខ្លាចខ្លាំងនៅពេលឮសម្លេងខ្លាំងៗ (ដូចជាសម្លេងផ្គរលាន់ ឬសម្លេងស៊ីផ្លេឡានដែលច្រឡំនឹងសម្លេងគ្រាប់កាំភ្លើង)។

ការបាត់បង់ទំនុកចិត្តលើខ្លួនឯង: កុមារមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយ និងគ្មានទីពឹង ដែលនាំឱ្យមានភាពឯកោ និងការបាក់ទឹកចិត្ត។

២. បញ្ហាឥរិយាបថ

ភាពភ័យខ្លាច និងការឈឺចាប់ បង្ខំឱ្យកុមារបង្ហាញចេញនូវឥរិយាបថខុសប្លែកពីធម្មតាដូចជា៖

ការវិលត្រឡប់ទៅរកភាពក្មេងខ្ចី: កុមារធំខ្លះអាចចាប់ផ្តើមជួបបញ្ហានោមដាក់ខោ ឬការបៀមមេដៃឡើងវិញ ដោយសារតែភាពតានតឹងខ្លាំងពេក។

ការប្រែជាស្ងៀមស្ងាត់ ឬកាចសាហាវ: កុមារខ្លះអាចនឹងបិទមាត់លែងនិយាយស្តី ឬផ្ទុយទៅវិញ ពួកគេអាចប្រែជាកាចសាហាវ និងចូលចិត្តប្រើហិង្សាដើម្បីការពារខ្លួន។

ការនៅស្អិតជាមួយអាណាព្យាបាល: ពួកគេមិនហ៊ាននៅឆ្ងាយពីឪពុកម្តាយសូម្បីតែមួយវិនាទី ព្រោះខ្លាចការបែកបាក់ម្តងទៀត។

៣. ផលប៉ះពាល់លើការលូតលាស់ខួរក្បាល និងរាងកាយ

នៅពេលកុមាររស់ក្នុងភាពភ័យខ្លាចយូរអង្វែង ខួរក្បាលផ្នែកដែលគ្រប់គ្រងការភ័យខ្លាចនឹងធ្វើការខ្លាំងពេក ដែលរារាំងដល់ផ្នែកគ្រប់គ្រងការគិត និងការរៀនសូត្រដូចជា៖

ការថយចុះសមត្ថភាពរៀនសូត្រ: កុមារពិបាកក្នុងការផ្ដោតអារម្មណ៍ ចងចាំ និងការយល់ដឹង។

បញ្ហាសុខភាពរាងកាយ: ការភ័យខ្លាចរ៉ាំរ៉ៃអាចបណ្តាលឱ្យចុះខ្សោយប្រព័ន្ធការពាររាងកាយ ធ្វើឱ្យពួកគេងាយឈឺ ឈឺក្បាល ឬឈឺពោះដោយរកមូលហេតុមិនឃើញ។

៤. ការបាត់បង់ទំនាក់ទំនងសង្គម និងអនាគត

ការដាច់ចរន្តនៃការសិក្សា: ការរត់ភៀសខ្លួនធ្វើឱ្យពួកគេបាត់បង់ឱកាសរៀនសូត្រ ដែលជាកម្លាំងផ្លូវចិត្តតែមួយគត់សម្រាប់អនាគត។

ការបាត់បង់មិត្តភាព: ការបាត់បង់មិត្តភក្តិលេងជាមួយ ធ្វើឱ្យកុមារបាត់បង់ជំនាញទំនាក់ទំនង និងអារម្មណ៍រីករាយដែលកុមារគ្រប់រូបគួរមាន។

វិធីសាស្ត្រសង្គ្រោះបឋមផ្លូវចិត្តកុមារ សម្រាប់ឪពុកម្តាយដែលស្ថិតក្នុងតំបន់ភៀសសឹក

ក្នុងកាលៈទេសៈដ៏លំបាកនៃតំបន់ភៀសសឹក ឪពុកម្តាយគឺជា "ជម្រកផ្លូវចិត្ត" ដ៏សំខាន់បំផុតសម្រាប់កូនៗ។ កុមារមិនត្រឹមតែភ័យខ្លាចសម្លេងគ្រាប់កាំភ្លើងឡើយ ប៉ុន្តែពួកគេក៏ភ័យខ្លាចតាមរយៈការសម្លឹងមើលទឹកមុខ និងអារម្មណ៍របស់ឪពុកម្តាយផងដែរ។ដូចនេះក្នុងនាមជាឪពុកម្តាយ ត្រូវរកវិធីសាស្រ្តសង្រ្គោះបឋមផ្លូវចិត្តសម្រាប់ពូកគាត់ដូចជា ៖

រក្សាភាពស្ងប់ស្ងាត់ដើម្បីជាគំរូ៖ កុមារប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីអារម្មណ៍អ្នក។ ប្រសិនបើអ្នកស្លន់ស្លោ កូននឹងស្លន់ស្លោខ្លាំងជាងអ្នកទ្វេដង។

ផ្តល់ភាពកក់ក្តៅតាមរយៈការប៉ះពាល់៖ ពេលមានអាសន្ន ការប៉ះពាល់រាងកាយគឺជាថ្នាំបំបាត់ការភ័យខ្លាចដ៏មានប្រសិទ្ធភាពបំផុត។ អនុញ្ញាតឱ្យកូនបញ្ចេញអារម្មណ៍ កុំបង្គាប់ឱ្យកូន "ឈប់យំ" ឬ "កុំខ្លាច" ព្រោះវាជាអារម្មណ៍ធម្មជាតិ។

ប្រសិនបើឃើញកូនមានសញ្ញាដូចជា យំមិនឈប់ សម្លឹងទៅមុខដោយគ្មានព្រលឹង លែងនិយាយស្តីទាំងស្រុង ឬញ័រដៃជើងខ្លាំង នោះគឺជាសញ្ញាដែលត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលដែលនៅជិតបំផុត៕

ប្រភព៖ UNICEF/ Save the Children

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី