ពីសហគ្រិននៅទីក្រុងប៉ារីស មកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!
- 2026-04-02 09:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីសហគ្រិននៅទីក្រុងប៉ារីស មកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!
ចន្លោះមិនឃើញ
ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។ បុគ្គលម្នាក់ដែលកំពុងបូជាកម្លាំងកាយចិត្ត ដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាការពិត គឺលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក និងជាអគ្គនាយកនៃវេទិកា ថតតុ(thortok)។
លោក ពិណ្ណរិទ្ធី មិនមែនជាឈ្មោះថ្មីក្នុងពិភពច្នៃប្រឌិតនោះទេ លោកបានចំណាយពេលជាង ២០ឆ្នាំ ក្នុងការសិក្សា និងអភិវឌ្ឍជំនាញផ្នែករចនាផលិតផល (Product Design) រហូតក្លាយជាសហគ្រិនម្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ទោះបីជាមានអាជីពរឹងមាំនៅក្រៅប្រទេស ប៉ុន្តែក្ដីស្រឡាញ់ចំពោះសិល្បៈវប្បធម៌ដ៏អស្ចារ្យ និងមហិច្ឆតាចង់ឃើញសិល្បករខ្មែរ មានជីវភាពធូរធារពីស្នាដៃខ្លួនឯង បានជម្រុញឱ្យលោកវិលត្រឡប់មកកាន់មាតុភូមិវិញក្នុងកំឡុងឆ្នាំ ២០១៨ ដើម្បីចូលរួមអភិវឌ្ឍគម្រោងឌីជីថលជាច្រើន ទាំងក្នុងវិស័យរដ្ឋ និងឯកជន។
តាមរយៈបទពិសោធន៍ដ៏ក្រាស់ក្រែល លោកបានមើលឃើញពីបញ្ហាប្រឈមរបស់សិល្បករ និងអ្នកច្នៃបង្កើតខ្មែរគ្រប់ជំនាញ ដែលមានស្នាដៃល្អៗតែខ្វះមធ្យោបាយផ្សព្វផ្សាយ ការពារ និងបង្កើតចំណូល ទើបលោកនិងក្រុមការងារ បានបង្កើតវេទិកាថតតុ(thortok) ដែលជាវេទិកាឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកច្នៃបង្កើតនានា អាចបង្ហាញ និងចែករំលែកស្នាដៃច្នៃប្រឌិតរបស់ខ្លួនទៅកាន់ពិភពលោកងាយស្រួលស្វែងរកប្រភពធនធានច្នៃប្រឌិត (Assets) ដ៏សម្បូរបែប មានលទ្ធភាពឱ្យសិល្បករទាញយកផលចំណេញពីការទាញយក (Download) និងការលក់ស្នាដៃរបស់ខ្លួនដោយផ្ទាល់។
លោក នុត ពិណ្ណរិទ្ធី បានសង្កត់ធ្ងន់ថា «សិល្បៈខ្មែរគឺជាដួងព្រលឹងជាតិ ហើយជនជាតិខ្មែរគ្រប់រូបមានសរសៃឈាមជាអ្នកសិល្បៈ។ ថតតុ(thortok) មិនមែនគ្រាន់តែជា Website មួយនោះទេ ប៉ុន្តែវាគឺជាប្រព័ន្ធអេកូឡូស៊ី ដែលការពារតម្លៃនៃភាពច្នៃប្រឌិត។ យើងចង់ឃើញអ្នករចនា ផលិតករ និងសិល្បករគ្រប់រូប អាចរស់បានដោយមោទនភាព និងមានភាពជាម្ចាស់លើស្នាដៃរបស់ខ្លួន»។
បេសកកម្មចម្បងរបស់លោក គឺប្រើប្រាស់បច្ចេកវិទ្យាដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសបារាំង មកបម្រើ និងការពារមរតកសិល្បៈ ដែលលោកស្រឡាញ់បំផុតនៅកម្ពុជា។