សិល្បៈ និងម្ហូបអាហារ៖ ជំពូកថ្មីនៃរឿងរ៉ាវនៅសណ្ឋាគារ Raffles Hotel Le Royal
- 2026-04-29 08:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បៈ និងម្ហូបអាហារ៖ ជំពូកថ្មីនៃរឿងរ៉ាវនៅសណ្ឋាគារ Raffles Hotel Le Royal
ចន្លោះមិនឃើញ
នៅសណ្ឋាគារ Raffles Hotel Le Royal កេរដំណែលប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការថែរក្សាទុកវត្ថុបុរាណនោះទេ ប៉ុន្តែវាគឺជារឿងរ៉ាវដែលមានជីវិត។ នៅក្នុងខែមេសានេះ រឿងរ៉ាវដ៏អស្ចារ្យបានឈានដល់ជំពូកថ្មីមួយទៀត តាមរយៈកិច្ចសហការជាមួយវិចិត្រសាល The Gallerist ដើម្បីរៀបចំពិព័រណ៍សិល្បៈទោលដែលមានចំណងជើងថា «Evanescence» ដោយវិចិត្រករខ្មែរសហសម័យ លោក ណុត ដារ៉ូ រួមជាមួយបទពិសោធន៍អាហារខ្មែរបែបទំនើបនៅភោជនីយដ្ឋាន Restaurant Le Royal។ 
ពិព័រណ៍នេះនាំយើងឱ្យស្វែងយល់ដោយស្ងប់ស្ងាត់នូវភាពមិនស្ថិតស្ថេរនៃជីវិត។ តាមរយៈផ្ទាំងគំនូរដែលមានលក្ខណៈស្រទាប់ៗ និងរស់រវើកដូចយល់សប្តិ។ លោក ដារ៉ូ បានបង្ហាញនូវភាពច្នៃប្រឌិតដើម្បីស្ដែងឲ្យឃើញរវាងវត្តមានមនុស្ស និងធម្មជាតិ។ រូបភាពមុខមនុស្សដែលលេចឡើង និងរលាយចូលទៅក្នុងរូបរាងធម្មជាតិ រីឯផ្កាឈូកដែលរីក និងក្រៀមស្វិត បានបង្ហាញពីវដ្តនៃការកើតឡើង និងការរលត់ទៅវិញ។
ទោះជាយ៉ាងណា «Evanescence» មិនមែននិយាយតែពីអ្វីដែលរលត់បាត់ទៅនោះទេ ប៉ុន្តែក៏ជាការរំពឹងគិតអំពីអ្វីដែលនៅគង់វង្សដូចជា វប្បធម៌ ការចងចាំ និងការបញ្ចេញគំនិតសិល្បៈ ដែលនៅតែបន្តមានវត្តមានក្នុងស្មារតីរួមគ្នា ទោះជាកាយសម្បទាត្រូវបាត់បង់ក៏ដោយ។
ទស្សនវិជ្ជាសិល្បៈដូចគ្នានេះ ក៏ត្រូវបានបង្ហាញនៅលើតុអាហារផងដែរ។ មីនុយថ្មីនៅភោជនីយដ្ឋាន Restaurant Le Royal គឺជាការបកស្រាយឡើងវិញនូវមរតកម្ហូបខ្មែរ ដោយការច្នៃម៉ូដម្ហូបបែបបុរាណឱ្យមានភាពស៊ីវិល័យ និងទំនើប។
ការរួមបញ្ចូលគ្នារវាងពិព័រណ៍សិល្បៈ និងមីនុយអាហារនេះ បានបង្កើតជាសាច់រឿងតែមួយ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ មរតក និងសម្រស់ដ៏អមតៈនៃវប្បធម៌ខ្មែរ។ នៅទីនេះ សិល្បៈមិនមែនសម្រាប់តែមើលនៅលើជញ្ជាំងនោះទេ ហើយម្ហូបអាហារក៏មិនមែនគ្រាន់តែសម្រាប់ឆ្អែតដែរ ប៉ុន្តែវាគឺជាការនិទានរឿងរ៉ាវដែលភ្ជាប់បច្ចុប្បន្នកាល ទៅនឹងអតីតកាលដ៏រុងរឿង។
សណ្ឋាគារ Raffles Hotel Le Royal នៅតែបន្តជាអ្នកគាំទ្រដ៏សកម្មដល់សហគមន៍ច្នៃប្រឌិតរបស់កម្ពុជា ដោយផ្តល់ជូនលើសពីកន្លែងស្នាក់នៅ គឺបទពិសោធន៍នៃវប្បធម៌ ការចងចាំ និងពេលវេលាដែលមិនចេះរីងស្ងួត៕