រឿង ៣ យ៉ាង​មិនគួរនិយាយ​ប្រាប់​អ្នកដទៃ​ ឬមិត្តរួមការងារឲ្យដឹង​ច្រើនឡើយ

  • 2026-06-04 07:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រិតភាពវៃឆ្លាតខាងអារម្មណ៍ (EQ) របស់មនុស្សម្នាក់ៗ ជួនកាលនឹងស្តែងចេញយ៉ាងច្បាស់ក្រឡែតតាមរយៈអ្វីដែលពួកគេចែករំលែក នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

កម្រិតភាពវៃឆ្លាតខាងអារម្មណ៍ (EQ) មិនត្រឹមតែបង្ហាញតាមរយៈរបៀបដែលមនុស្សម្នាក់គ្រប់គ្រងអារម្មណ៍ ឬការប្រព្រឹត្តនៅក្នុងទំនាក់ទំនងនោះទេ ប៉ុន្តែវាក៏លាតត្រដាងយ៉ាងច្បាស់តាមរយៈពាក្យសម្តីប្រចាំថ្ងៃផងដែរ។ ក្នុងការប្រាស្រ័យទាក់ទងគ្នា ទោះបីជាខ្លឹមសារតែមួយ ប៉ុន្តែរបៀបរៀបរាប់ខុសគ្នា អាចបង្កើតនូវអារម្មណ៍ផ្ទុយគ្នាស្រឡះសម្រាប់អ្នកស្តាប់។ មានមនុស្សដែលនិយាយទៅធ្វើឱ្យដៃគូសន្ទនាមានអារម្មណ៍ស្រណុកចិត្ត និងទទួលបានការគោរព ប៉ុន្តែក៏មានមនុស្សដែលធ្វើឱ្យអ្នកដទៃទាល់ច្រក ឬបាត់បង់ការអាណិតស្រឡាញ់ដោយមិនដឹងខ្លួនផងដែរ។6a2126153780c-1780557300

មនុស្សដែលមាន EQ ខ្ពស់ តែងតែយល់ច្បាស់អំពីតម្លៃនៃពាក្យសម្តី និងព្រំដែនក្នុងការប្រាស្រ័យទាក់ទង។ ពួកគេដឹងថារឿងណាគួរចែករំលែក ហើយរឿងណាគួររក្សាទុកសម្រាប់ខ្លួនឯង។ ជាពិសេសចំពោះបញ្ហាទាំងឡាយណាដែលមានលក្ខណៈបុគ្គល ពួកគេមិនចេះតែយកទៅរៀបរាប់ប្រាប់មនុស្សគ្រប់គ្នាតាមតែចិត្តនោះឡើយ។ ផ្ទុយទៅវិញ មនុស្សដែលខ្វះភាពហ្មត់ចត់ ងាយនឹង «វែកអាវឱ្យគេមើលខ្នង» មានរឿងអ្វីក៏ចង់យកទៅចែករំលែក ដើម្បីស្វែងរកការយល់ចិត្ត ឬការចាប់អារម្មណ៍ពីគេឯង។

តាមប្រសាសន៍​របស់អ្នកជំនាញចិត្តវិទ្យាជាច្រើន មានបញ្ហាឯកជនចំនួន ៣ យ៉ាង ដែលមនុស្សមាន EQ ខ្ពស់កម្រនឹងលើកយកមកនិយាយខ្លាំងណាស់ នៅក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ប៉ុន្តែមនុស្សមាន EQ ទាបវិញ គឺធ្វើរឿងផ្ទុយស្រឡះ៖

១. ការនាំយករឿងរ៉ាវក្នុងគ្រួសារទៅនិយាយនៅកន្លែងធ្វើការ

គ្រួសារគឺជាកន្លែងដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធបំផុតជាមួយមនុស្សម្នាក់ៗ ប៉ុន្តែក៏ជាកន្លែងដែលងាយនឹងកើតមានជម្លោះ និងសម្ពាធបំផុតផងដែរ។ ការខ្វែងគំនិតគ្នារវាងប្តីប្រពន្ធ ឪពុកម្តាយនិងកូនៗ ឬរឿងរ៉ាវសាច់ញាតិ គឺជារឿងដែលពិបាកនឹងចៀសវាងណាស់នៅក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមាន EQ ខ្ពស់ ជារឿយៗមិនដែលនាំយកអារម្មណ៍អវិជ្ជមានទាំងនោះ ទៅកាន់កន្លែងធ្វើការឡើយ។

នៅក្នុងបរិយាកាសការិយាល័យ ការទម្លាប់រអ៊ូរទាំមិនដាច់ពីរឿងគ្រួសារ អាចធ្វើឱ្យសហការី និងថ្នាក់លើវាយតម្លៃថា អ្នកជាមនុស្សដែលខ្វះលំនឹងខាងផ្លូវអារម្មណ៍ ឬមិនមានការផ្ដោតអារម្មណ៍គ្រប់គ្រាន់លើការងារ។ ថែមទាំងរឿងរ៉ាវឯកជនទាំងនោះ ជួនកាលថែមទាំងក្លាយទៅជាប្រធានបទដេញដោលនិយាយដើមគ្នា ដោយមិនចង់ឡើយ។

មនុស្សដែលមាន EQ ខ្ពស់ យល់ថាការិយាល័យគឺជាកន្លែងសម្រាប់ធ្វើការ និងសហការគ្នាប្រកបដោយវិជ្ជាជីវៈ មិនមែនជាកន្លែងសម្រាប់ទម្លាយរាល់កំហឹង ឬអារម្មណ៍ផ្ទាល់ខ្លួននោះឡើយ។ ពួកគេចេះរបៀបបែងចែកឱ្យដាច់ស្រឡះរវាងការងារ និងជីវិតឯកជន ហេតុនេះហើយទើបពួកគេរក្សាបាននូវរូបភាពវិជ្ជាជីវៈ ក៏ដូចជាការគោរពពីអ្នកដទៃ។

២. ចូលចិត្តជជែកវែកញែករឿងចំណូលជាមួយអ្នកដទៃ

ប្រាក់ចំណូលតែងតែជាប្រធានបទដ៏រសើបមួយ ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីលក្ខខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងសមត្ថភាព ឋានៈការងារ និងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗផងដែរ។

មនុស្សជាច្រើនគិតថា ការបើកចំហកម្រិតប្រាក់ខែ ឬប្រាក់រង្វាន់ ជារបៀបបង្ហាញពីភាពជោគជ័យ។ ទោះជាយ៉ាងណា មនុស្សដែលមាន EQ ខ្ពស់ តែងតែមានការប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលនិយាយពីបញ្ហានេះ។ ពួកគេយល់ថា ការចែករំលែកលម្អិតពេកពីប្រាក់ចំណូល ងាយនឹងបង្កើតឱ្យមានចិត្តសាស្ត្រប្រៀបធៀប សម្ពាធ ឬការច្រណែនឈ្នានីសគ្នានៅក្នុងទំនាក់ទំនង។

នៅក្នុងភាពជាក់ស្តែង មិត្តភាព ឬទំនាក់ទំនងមិត្តរួមការងារមិនតិចឡើយ ត្រូវប្រែជាតានតឹង គ្រាន់តែដោយសារ​តែគម្លាតហិរញ្ញវត្ថុ។ មនុស្សដែលមាន EQ ខ្ពស់ ច្រើនតែយល់ច្បាស់នូវពាក្យស្លោកថា៖ «មានកុំអួត ក្រកុំរអ៊ូ»។ នៅពេលត្រូវបានគេសួរនាំពីប្រាក់ខែ ឬប្រាក់ចំណូល ពួកគេច្រើនតែឆ្លើយតបដោយភាពបត់បែន ឬបង្វែរប្រធានបទទៅរឿងផ្សេង ដើម្បីចៀសវាងការធ្វើឱ្យដៃគូសន្ទនាមានអារម្មណ៍រងសម្ពាធ ឬទាល់ច្រក។

ភាពលាក់លៀមនៅក្នុងបញ្ហាហិរញ្ញវត្ថុ មិនត្រឹមតែជារបៀបការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពហ្មត់ចត់ក្នុងការប្រាស្រ័យទាក់ទង និងការគោរពដល់អារម្មណ៍របស់អ្នកដទៃផងដែរ។

៣. ការរៀបរាប់លម្អិតពីរឿងរ៉ាវស្នេហា

មនុស្សជាច្រើនមានទម្លាប់ចែករំលែករាល់រឿងរ៉ាវស្នេហាជាមួយមិត្តភក្តិជិតដិត ព្រោះតែមានទំនុកចិត្ត និងចង់ស្វែងរកដំបូន្មាន។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែនៅក្នុងទំនាក់ទំនងដែលស្និទ្ធស្នាលបំផុត ក៏ចាំបាច់ត្រូវតែមានព្រំដែនជាក់លាក់មួយដែរ។ រឿងរ៉ាវមនោសញ្ចេតនា គឺជាប្រធានបទដ៏ស្មុគស្មាញមួយ ហើយជួនកាលមានតែមនុស្សនៅក្នុងរង្វង់ផ្ទាល់ប៉ុណ្ណោះ ទើបយល់ច្បាស់ពិតប្រាកដ។ ការរៀបរាប់លម្អិតច្រើនពេក មិនត្រឹមតែធ្វើឱ្យខ្លួនឯងងាយនឹងរងឥទ្ធិពលពីមតិខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កការខូចខាតដល់ទំនាក់ទំនងជុំវិញខ្លួនដោយមិនដឹងខ្លួនផងដែរ។

នៅក្នុងភាពជាក់ស្តែង មិត្តភក្តិគ្រាន់តែអាចផ្តល់នូវជ្រុងមើលសម្រាប់ពិគ្រោះប៉ុណ្ណោះ មិនអាចមកជួយយើងដោះស្រាយបញ្ហាស្នេហាជំនួសបានឡើយ។ ប្រសិនបើរំពឹងផ្អែកខ្លាំងពេកលើមតិរបស់អ្នកដទៃ មនុស្សយើងនឹងងាយបាត់បង់ភាពឯករាជ្យនៅក្នុងការគិត និងការសម្រេចចិត្តរបស់ខ្លួនឯង។

មនុស្សដែលមាន EQ ខ្ពស់ តែងតែរក្សាទុកសម្រាប់ខ្លួនឯងនូវចន្លោះមួយ ដើម្បីគិតពិចារណា សម្របសម្រួលអារម្មណ៍ និងស្អំរបួសដោយខ្លួនឯង ជំនួសឱ្យការលាតត្រដាងរឿងរ៉ាវផ្ទាល់ខ្លួនទាំងអស់។ ពួកគេយល់ថា មិនមែនរាល់រឿងឯកជនទាំងអស់ សុទ្ធតែត្រូវចែករំលែកដើម្បីទទួលបានការយល់ចិត្តនោះឡើយ។

នៅក្នុងការប្រាស្រ័យទាក់ទងគ្នា ភាពហ្មត់ចត់ជួនកាលមិនមែនស្ថិតនៅលើការនិយាយបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅលើការដឹងថារឿងណាគួរនិយាយ និងរឿងណាគួររក្សាទុក។ គ្រួសារ ប្រាក់ចំណូល និងរឿងរ៉ាវស្នេហា គឺជាបញ្ហាឯកជនទាំង ៣ ដែលមនុស្សពេញវ័យច្រើនតែជ្រើសរើសចែករំលែកក្នុងកម្រិតព្រំដែនសមរម្យ។

នៅពេលដែលយើងលែងរំពឹងផ្អែកលើការ «លាតត្រដាងខ្លួនឯងដើម្បីស្វែងរកការយល់ចិត្ត» ឬចង់ដឹងចង់ឃើញពីជីវិតឯកជនរបស់អ្នកដទៃ ដើម្បីទាញគម្លាតឱ្យជិតគ្នានោះ មនុស្សយើងទើបតែឈានជើងចូលទៅក្នុងទំនាក់ទំនងដែលមានភាពចាស់ទុំពិតប្រាកដ ដែលជាកន្លែងមានការចែករំលែក ប៉ុន្តែនៅតែមានព្រំដែនចាំបាច់។ នោះហើយ ក៏ជាការស្តែងចេញយ៉ាងច្បាស់ក្រឡែត នៃមនុស្សដែលមាន EQ ខ្ពស់៕

ប្រភព៖ kenh14

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី