ទម្លាប់ធ្វើឱ្យត្រជាក់ខ្លួនដ៏គ្រោះថ្នាក់មួយ អាចបង្កឱ្យមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល

  • 2026-05-21 02:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនកំពុងមានទម្លាប់បែបនេះ! នោះគឺ ការងូតទឹកភ្លាមៗបន្ទាប់ពីត្រឡប់មកពីក្រៅដែលមានកម្ដៅថ្ងៃក្ដៅខ្លាំង។ ទម្លាប់នេះមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ និងជួយឱ្យ "រំសាយកម្ដៅ" បានលឿន ប៉ុន្តែវាកំពុងក្លាយជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ នេះមិនមែនជាការបំភ័យនោះទេ ប៉ុន្តែជាករណីពិតដែលគ្រូពេទ្យបានជួបប្រទះជាបន្តបន្ទាប់។

ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Nguyen Tien Dung អនុប្រធានមជ្ឈមណ្ឌលសរសៃឈាមខួរក្បាលនៃមន្ទីរពេទ្យ Bach Mai បានចេញមកវិភាគ និងផ្ដល់អនុសាសន៍សំខាន់ៗដើម្បីការពារសុខភាពក្នុងរដូវក្ដៅនេះ។

មជ្ឈមណ្ឌលសរសៃឈាមខួរក្បាលនៃមន្ទីរពេទ្យ Bach Mai បានទទួលអ្នកជំងឺមិនតិចនោះទេ ដែលចូលមកក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង គ្រាន់តែដោយសារទម្លាប់ងូតទឹកភ្លាមៗក្រោយធ្វើសកម្មភាពក្រោមពន្លឺថ្ងៃ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កម្ដៅថ្ងៃក្ដៅខ្លាំងគឺជាគ្រោះថ្នាក់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះដូចជា៖ មនុស្សចាស់ អ្នកមានជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម និងអ្នកដែលមានប្រវត្តិធ្លាប់ដាច់សរសៃឈាមខួរក្បាល។

យោងតាមការវិភាគរបស់គ្រូពេទ្យ មានយន្តការចំនួន ២ ដែលធ្វើឱ្យរាងកាយដួលសន្លប់ នៅពេលផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ៖

១. សម្ពាធឈាមឡើងខ្ពស់ខ្លាំងដោយសារការឆក់កម្ដៅ

នៅពេលរាងកាយស្ថិតក្នុងសីតុណ្ហភាពខ្ពស់ សរសៃឈាមនឹងរីកធំដើម្បីបញ្ចេញកម្ដៅ។ ការប៉ះជាមួយទឹកត្រជាក់ភ្លាមៗ នឹងដាស់ប្រព័ន្ធសរសៃវិញ្ញាណឱ្យបញ្ជាឱ្យសរសៃឈាមរួញមកវិញភ្លាមៗដើម្បីរក្សាកម្ដៅ។ ការរួញសរសៃឈាមភ្លាមៗនេះ បង្កើតសម្ពាធយ៉ាងខ្លាំងដល់ជញ្ជាំងសរសៃឈាម ដែលបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ហួសកម្រិត នាំឱ្យដាច់សរសៃឈាមក្នុងខួរក្បាល ឬស្ទះសរសៃឈាមខួរក្បាល។

២. ឈាមកកខ្លាំងដោយសាររាងកាយខ្វះជាតិទឹក

កម្ដៅថ្ងៃធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងអេឡិចត្រូឡៃយ៉ាងលឿនតាមរយៈញើស។ ស្ថានភាពនេះធ្វើឱ្យឈាមឡើងខាប់ និងហូរយឺត។ នៅពេលឈាម "ខាប់" រួមផ្សំជាមួយនឹងការផ្លាស់ប្តូរចង្វាក់បេះដូង វាធ្វើឱ្យកោសិកាឈាមងាយនឹងកកស្ទះ បង្កជាកំណកឈាមស្ទះសរសៃឈាមខួរក្បាលភ្លាមៗ។

វិធីសម្គាល់សញ្ញា នៃគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល

ក្នុងអាកាសធាតុក្តៅ ប្រសិនបើឃើញមានរោគសញ្ញាខាងក្រោម ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់តាមគោលការណ៍ FAST៖

• មុខ (Face)៖ វៀចមាត់ ឬធ្លាក់សាច់ដុំមុខម្ខាង។

• ដៃ (Arm)៖ ខ្សោយ ឬស្ពឹកដៃ/ជើងម្ខាង។

• ការនិយាយស្ដី (Speech)៖ និយាយរដំៗ និយាយមិនច្បាស់ ឬស្តាប់សម្ដីគេមិនយល់។

• ពេលវេលា (Time)៖ ហៅឡានពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ (ការ​យឺត​យ៉ាវ​ក្នុង​ការ​សង្គ្រោះ​ កោសិកាខួរក្បាលរាប់លាននឹងត្រូវងាប់ដោយមិនអាចស្តារឡើងវិញបាន)។

គោលការណ៍ ៥ យ៉ាង ដើម្បីងូតទឹកដោយសុវត្ថិភាពក្នុងរដូវក្ដៅ

ដើម្បីការពារសុខភាព លោកវេជ្ជបណ្ឌិត Nguyen Tien Dung បានផ្តល់ដំបូន្មានដូចខាងក្រោម៖

  1. សម្រាក ២០-៣០ នាទី៖ កុំងូតទឹកភ្លាមៗក្រោយដើរកម្ដៅថ្ងៃ ត្រូវសម្រាកក្នុងកន្លែងត្រជាក់ដើម្បីឱ្យរាងកាយចុះកម្ដៅតាមធម្មជាតិ។

  2. ឱ្យរាងកាយស៊ាំនឹងទឹក៖ ប្រើកន្សែងជូតខ្លួន ឬលាងដៃលាងជើងឱ្យត្រជាក់សិន មុននឹងងូតទឹកទាំងស្រុង។

  3. ផឹកទឹកឱ្យគ្រប់គ្រាន់៖ ផឹកទឹកស្អាត ឬទឹកអេឡិចត្រូលីត ចៀសវាងគ្រឿងស្រវឹង និងកាហ្វេ។

  4. ចៀសវាងកម្ដៅថ្ងៃខ្លាំង៖ កុំចេញក្រៅនៅចន្លោះម៉ោង ១០ ព្រឹក ដល់ម៉ោង ៤ រសៀលបើ​មិន​ចាំ​បាច់ បើ​ចេញ​ត្រូវ​ចេះការពារ​ខ្លួនពី​កម្ដៅ​ថ្ងៃ​។

  5. អនុវត្តតាមការព្យាបាល៖ អ្នកមានជំងឺប្រចាំកាយ ត្រូវតាមដានសម្ពាធឈាម និងលេបថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ៕

ប្រភព៖ kenh14

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី