កំពូលអាហារ ៦មុខ ជួយស្បែក​ការពារកម្ដៅថ្ងៃបែប​ធម្មជាតិ

  • 2026-05-21 03:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារទាំងនេះជួយជួសជុលការខូចខាតដែលបង្កឡើងដោយពន្លឺព្រះអាទិត្យ និងការពារស្បែកពីខាងក្នុង។ ប្រសិនបើ «អ្នកគឺជាអ្វីដែលអ្នកញ៉ាំ» នោះការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពស្បែក។ របបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម មិនត្រឹមតែផ្ដល់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារស្បែកពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ និងពន្យារដំណើរការនៃភាពចាស់។

ទោះបីជាគ្មាន «របបអាហារប្រឆាំងភាពចាស់» តែមួយក៏ដោយ ប៉ុន្តែអាហារមួយចំនួនមានផ្ទុកនូវសមាសធាតុដែលជួយការពារកោសិកាស្បែក និងកាត់បន្ថយការខូចខាតពីកាំរស្មី UV។ យោងតាម Healthline ការសិក្សាបង្ហាញថាស្បែករបស់មនុស្សយើងមាន «នាឡិកាជីវសាស្ត្រ»។ អង់ស៊ីមដែលជួយជួសជុលការខូចខាតស្បែកដោយសារកាំរស្មី UV ត្រូវបានផលិតឡើងតាមវដ្តជាក់លាក់ក្នុងមួយថ្ងៃៗ ហើយទម្លាប់នៃការញ៉ាំអាហារអាចជះឥទ្ធិពលដល់ដំណើរការនេះ។ មានន័យថា ប្រសិនបើអ្នកញ៉ាំអាហារបានទាន់ពេលវេលា និង​ត្រឹមត្រូវ រាងកាយអាចការពារស្បែកបានកាន់តែល្អនៅក្រោមពន្លឺថ្ងៃ។ ផ្ទុយទៅវិញ ការញ៉ាំអាហារមិនទៀងទាត់អាចធ្វើឱ្យរំខានដល់យន្តការការពារនេះ។

១. ផ្លែប៊្លូបឺរី

ប៊្លូបឺរីសម្បូរទៅដោយជាតិប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ដែលជួយបន្សាបរ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កឱ្យខូចខាតស្បែកនៅពេលប៉ះនឹងពន្លឺថ្ងៃ និងភាពតានតឹង។ លើសពីនេះ វាក៏សម្បូរទៅដោយវីតាមីន C ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងរក្សានូវភាពយឺតនៃស្បែក។

២. ផ្លែឪឡឹក

ឪឡឹកមានផ្ទុកនូវសារធាតុ Lycopene ដែលជាជាតិប្រឆាំងអុកស៊ីតកម្មមានសមត្ថភាពស្រូបយកកាំរស្មី UVB។ ជាពិសេស បរិមាណ Lycopene នៅក្នុងឪឡឹកគឺខ្ពស់ជាងប៉េងប៉ោះទៅទៀត។ នេះជាមូលហេតុដែលផ្លែឈើរដូវក្ដៅនេះ មិនត្រឹមតែជួយរំសាយកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែក «ការពារកម្ដៅថ្ងៃពីខាងក្នុង»។

៣. គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ

គ្រាប់វ៉ាល់ណាត់ (Walnuts) គ្រាប់ឈៀ (Chia seeds) និង​គ្រាប់ផ្លែឈើ​ផ្សេងទៀត​សុទ្ធតែសម្បូរទៅដោយ Omega-3 ដែលជាប្រភេទខ្លាញ់ចាំបាច់ដែលរាងកាយមិនអាចផលិតបានដោយខ្លួនឯង។ Omega-3 ជួយ៖

• រក្សារចនាសម្ព័ន្ធស្បែក

• កាត់បន្ថយការរលាក

• ជួយឱ្យរាងកាយស៊ាំនឹងផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ។

៤. ការ៉ុត និងបន្លែស្លឹកបៃតង

រាងកាយបំប្លែងសារធាតុ Beta Carotene ទៅជាវីតាមីន A ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ បន្លែដូចជា ស្ពៃ Kale ស្ពៃពួយឡេង ក៏មានផ្ទុក Lutein និង Zeaxanthin ដែលជាជាតិប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីការបំផ្លាញដោយពន្លឺថ្ងៃ។

៥. តែបៃតង

តែបៃតងមានផ្ទុកសារធាតុ Polyphenol ដែលជាសមាសធាតុរុក្ខជាតិមានសមត្ថភាពការពារស្បែកពីវិទ្យុសកម្មកាំរស្មីយូវី។ មិនត្រឹមតែប៉ុណ្ណោះ ជាតិប្រឆាំងអុកស៊ីតកម្មក្នុងតែបៃតង ក៏ជួយកាត់បន្ថយការរលាក និងពន្យារភាពចាស់នៃស្បែកផងដែរ។

៦. ផ្កាខាត់ណា

ទោះបីជាគ្មានពណ៌ស្រស់ឆើតឆាយដូចបន្លែដទៃក៏ដោយ ប៉ុន្តែផ្កាខាត់ណា​នៅតែសម្បូរទៅដោយជាតិប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា ដែលជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម (Oxidative stress) ដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។

ការកត់សម្គាល់សំខាន់ពីអ្នកជំនាញ

សរុបមក របបអាហារគឺជាផ្នែកមួយដ៏សំខាន់ ប៉ុន្តែត្រូវបានគេមើលរំលងជាញឹកញាប់ក្នុងការការពារស្បែកពីពន្លឺថ្ងៃ។ អាហារខាងលើអាចជួយកាត់បន្ថយផលប៉ះពាល់នៃកាំរស្មី UV និងធ្វើឱ្យស្បែកមានសុខភាពល្អពីខាងក្នុង។

ទោះជាយ៉ាងណា ត្រូវចងចាំថា អាហារតែ​មួយ​មុខ​មិនអាចជំនួសគ្រីមការពារកម្ដៅថ្ងៃបានឡើយ។ ការរួមបញ្ចូលការញ៉ាំអាហារសុខភាព ជាមួយនឹងវិធានការការពារដូចជា ការប្រើគ្រីមការពារកម្ដៅថ្ងៃ និងការបាំងបិទរាងកាយនៅពេលចេញក្រៅ នៅតែជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុត។ យោងតាមឱសថការី Khuê Vũ (ធ្វើការនៅទីក្រុងហាណូយ) ការលាបគ្រីមការពារកម្ដៅថ្ងៃក៏ត្រូវអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ទើបធានាបាននូវប្រសិទ្ធភាព៖

• លាបគ្រីមការពារកម្ដៅថ្ងៃជាធម្មតា ទោះបីជាមេឃភ្លៀងខ្លាំង មេឃស្រទុំ ឬគ្រាន់តែអង្គុយក្នុងផ្ទះ និងកន្លែងធ្វើការក៏ដោយ។

• ប្រសើរបំផុត គួរប្រើប្រភេទគ្រីមការពារកម្ដៅថ្ងៃដែល មិនជ្រាបទឹក (Water-resistant) នៅថ្ងៃដែលមានភ្លៀង ហើយអ្នកត្រូវចេញទៅខាងក្រៅ។

• ប្រើគ្រីមការពារកម្ដៅថ្ងៃ ១៥ - ២០ នាទីមុនពេល ប៉ះនឹងពន្លឺព្រះអាទិត្យ និងត្រូវ លាបឡើងវិញរៀងរាល់ ២ - ៣ ម៉ោងម្ដង។

• ការពារបន្ថែមដោយប្រើ ឆ័ត្រ សម្លៀកបំពាក់ វ៉ែនតា មួក និងម៉ាស់ ដើម្បីទទួលបានប្រសិទ្ធភាពការពារខ្ពស់បំផុត។

• រួមបញ្ចូលគ្រីមការពារកម្ដៅថ្ងៃជាមួយ ថ្នាំគ្រាប់ការពារកម្ដៅថ្ងៃ ដើម្បីឱ្យប្រសិទ្ធភាពឡើងដល់កម្រិតអតិបរមា។

• លាបគ្រីមការពារកម្ដៅថ្ងៃមុនពេលតុបតែងមុខ (Makeup) និងបន្ទាប់ពីជំហានថែរក្សាស្បែក (Skincare)។ គួររង់ចាំ ១៥ - ២០ នាទីក្រោយ Skincare ទើបលាបគ្រីមការពារកម្ដៅថ្ងៃ ហើយរង់ចាំ ១៥ - ២០ នាទីទៀត ទើបចាប់ផ្ដើម Makeup។

• ជ្រើសរើសគ្រីមដែលមានសមត្ថភាពការពារពន្លឺថ្ងៃផង និងការពារពន្លឺពណ៌ខៀវ (Blue Light) ផង។ អ្នកជំនាញណែនាំឱ្យជ្រើសរើសប្រភេទដែលមាន SPF 30 ឡើងទៅ និងមានសារធាតុដូចជា Zinc Oxide, Titanium Dioxide, Iron Oxide... (ដែលមានក្នុងគ្រីមការពារកម្ដៅថ្ងៃបែប Physical)។ ក្រៅពីនេះ គួរមានផ្ទុកវីតាមីន C, E, Hyaluronic Acid... ដើម្បីជួយចិញ្ចឹមស្បែក។

ប្រភព៖ kenh14

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី