ដើរកម្សាន្តរដូវក្ដៅក្រៅពីការពារស្បែកភ្នែកក៏ត្រូវការការពារខ្លាំងណាស់ដែរ

  • 2026-05-25 01:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំរស្មី UV មិនត្រឹមតែធ្វើឱ្យស្បែករបស់អ្នករលាកខ្លោចនោះទេ ប៉ុន្តែវាក៏អាចបង្កការខូចខាតធ្ងន់ធ្ងរដល់គំហើញរបស់​ភ្នែករបស់​យើង​ផងដែរ។ នៅពេលរដូវក្ដៅមកដល់ ម្នាក់ៗតែងតែមមាញឹកក្នុងការរៀបចំគម្រោងដើរកម្សាន្តឡើងភ្នំ ចុះសមុទ្រ។ យើងតែងតែរំឭក​គ្នាឱ្យត្រៀមអាវក្រៅ មួក និងមិនភ្លេចលាបឡេការពារកម្ដៅថ្ងៃឱ្យក្រាស់ៗ ដើម្បីការពារស្បែកកុំឱ្យខ្មៅស្រអាប់។ ប៉ុន្តែ មានសរីរាង្គដ៏សំខាន់ និងងាយរងគ្រោះបំផុតមួយ ដែលយើងជារឿយៗតែងតែបំភ្លេចចោលនៅក្នុងវ៉ាលីធ្វើដំណើរនោះគឺគ្រាប់ភ្នែក។

តាមពិតទៅ កាំរស្មី UV អាចបង្កគ្រោះថ្នាក់ដល់ភ្នែកលើសពីអ្វីដែលយើង​គិត។ ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរ ថ្នាក់ថ្នមភ្នែកឱ្យបានច្រើន ក្នុងដំណើរកម្សាន្តរដូវក្ដៅនេះ។

១. ភ្នែកក៏អាចរលាកដោយកម្ដៅថ្ងៃបានដែរ

ស្ដាប់ទៅហាក់ដូចជាចម្លែក ប៉ុន្តែភ្នែកពិតជាអាចរលាកដោយសារពន្លឺព្រះអាទិត្យបាន (តាមបច្ចេកទេសហៅថា រលាកកញ្ចក់ភ្នែកដោយសារពន្លឺ)។ យោងតាមលោកបណ្ឌិត Paramdeep Bilkhu អ្នកជំនាញមកពីចក្រភពអង់គ្លេស ការប៉ះពាល់ជាមួយកាំរស្មី UV កម្រិតខ្ពស់យូរពេក នឹងធ្វើឱ្យភ្នែករបស់យើង​ឡើងក្រហម ហូរទឹកភ្នែកមិនឈប់ រកាំភ្នែក និងមើលមិនច្បាស់។ ទោះបីជាមេឃស្រទុំក៏ដោយ ក៏កាំរស្មី UV នៅតែអាចទម្លុះស្រទាប់ពពកមកបាន។ ជាពិសេស បើអ្នកទៅលេងសមុទ្រ ពន្លឺដែលជះត្រឡប់ពីផ្ទៃទឹកមកវិញ គឺគ្រោះថ្នាក់ជាងពន្លឺដែលចាំងចុះមកត្រង់ៗទៅទៀត។

២. សត្រូវលាក់មុខដែលធ្វើឱ្យភ្នែកឆាប់ចាស់

ប្រសិនបើស្បែកអាចមានស្នាមជ្រួញ ភ្នែកក៏អាចមានជំងឺចាស់មុនអាយុដោយសារកម្ដៅថ្ងៃដែរ។ ការទុកឱ្យភ្នែកប៉ះផ្ទាល់នឹងកាំរស្មី UV រយៈពេលយូរ នឹងបង្កើនហានិភ័យនៃ៖

• បាយភ្នែកឬ​ភ្នែក​ឡើង​បាយ(Cataracts)៖ ពន្លឺថ្ងៃធ្វើឱ្យភ្នែកចាស់លឿន នាំឱ្យភ្នែកមើលមិនច្បាស់មុនអាយុ។

• ជំងឺចុះខ្សោយភ្នែក (Macular Degeneration)៖ នេះជាមូលហេតុចម្បងដែលធ្វើឱ្យបាត់បង់គំហើញជាអចិន្ត្រៃយ៍ បើមិនបានថែទាំត្រឹមត្រូវ។

• មហារីកស្បែកជុំវិញភ្នែក៖ ស្បែកត្របកភ្នែកមានសភាពស្ដើង និងងាយរងគ្រោះបំផុត វាអាចបង្កជាកោសិកាមហារីកបានយ៉ាងងាយ ប្រសិនបើត្រូវកម្ដៅថ្ងៃយូរពេក។

៣. កម្ដៅថ្ងៃធ្វើឱ្យភ្នែកស្ងួត និងហត់នឿយ

នៅក្រោមពន្លឺថ្ងៃដ៏ក្ដៅហួតហែង សំណើមនៅលើផ្ទៃភ្នែកនឹងភាយចេញយ៉ាងលឿន។ នៅពេលប៉ះជាមួយខ្យល់សមុទ្រ ឬខ្យល់ម៉ាស៊ីនត្រជាក់ទៀតនោះ ភ្នែករបស់យើង​នឹងងាយធ្លាក់ក្នុងស្ថានភាពស្ងួត រកាំដូចមានខ្សាច់ចូល ដែលធ្វើឱ្យបាត់​បង់​ភាពសប្បាយរីករាយក្នុងដំណើរកម្សាន្ត។

តិចនិកការពារភ្នែកឱ្យមានសុវត្ថិភាព៖

• ជ្រើសរើសវ៉ែនតាការពារកម្ដៅថ្ងៃឱ្យបានត្រឹមត្រូវ៖ កុំជ្រើសរើសវ៉ែនតាគ្រាន់តែដោយសារវាស្អាត ឬពណ៌ដិតងងឹត។ វ៉ែនតាដែលល្អត្រូវតែមានស្លាកបញ្ជាក់ការការពារកាំរស្មី UV (ដូចជាកម្រិត UV400 ឬវិញ្ញាបនបត្រ CE, UKCA)។ វ៉ែនតាដែលមានតម្លៃថោកពេក និងគ្មានសមត្ថភាពការពារ UV នឹងធ្វើឱ្យប្រស្រីភ្នែករីកធំ ដែលបណ្ដាលឱ្យកាំរស្មីចូលក្នុងភ្នែកកាន់តែច្រើន និងគ្រោះថ្នាក់ជាងមុន។

• ប្រើវ៉ែនតារាងកោង (Wrap-around)៖ វ៉ែនតាដែលរចនាមកឱបជិតផ្ទៃមុខ នឹងជួយការពារកាំរស្មី UV មិនឱ្យចូលតាមចំហៀងភ្នែក។

• មួកមានគែមធំគឺជាអាវុធដ៏សំខាន់៖ ក្រៅពីធ្វើឱ្យអ្នកមើលទៅមានស្ទីលស្អាតពេលថតរូប មួកគែមធំអាចជួយកាត់បន្ថយកាំរស្មី UV ដែលជះចំភ្នែកបានរហូតដល់ ៥០%។

• តាមដានសន្ទស្សន៍ UV (UV Index)៖ ប្រសិនបើសន្ទស្សន៍ UV ឡើងលើសពីកម្រិត៣ វាគឺជាសញ្ញាអាសន្ន ដែលរំលឹកថាអ្នកត្រូវតែពាក់វ៉ែនតាការពារកម្ដៅថ្ងៃជាដាច់ខាតពេលចេញក្រៅ។

កុំបណ្ដោយឱ្យការឈឺភ្នែក ឬការស្រវាំងភ្នែកមកបំផ្លាញវិស្សមកាលដ៏អស្ចារ្យរបស់អ្នក។ ចូរចងចាំថា ការការពារស្បែកជារឿងចាំបាច់ ប៉ុន្តែការការពារភ្នែកជារឿងដាច់ខាតត្រូវតែធ្វើ។ សូមជូនពរឱ្យអ្នកមានរដូវក្ដៅដ៏ស្រស់បំព្រង និងមានភ្នែកភ្លឺថ្លាជានិច្ច!

ប្រភព៖ kenh14

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី