ទម្លាប់ប្រចាំថ្ងៃបីយ៉ាង អាចធ្វើឲ្យ​សុខភាពយើងចុះខ្សោយ

  • 2026-02-06 02:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យឥឡូវក្មេងៗភាគច្រើនចូលចិត្តអាហារបែបរហ័ស លឿនទាន់ចិត្ត ហើយមានភាពងាយស្រួល ឆាប់បានញ៉ាំ ដោយពេលខ្លះពួកគេភ្លេចបានគិតទៅលើសុខភាពរាល់ថ្ងៃ ព្រោះគិតថាខ្លួននៅក្មេងមិនអីនោះទេ នៅមានកម្លាំងគ្រប់គ្រាន់មានងាយឈឺ ពិសេសចូល​ចិត្ត​ដាច់យប់តែម្ដង​។ ដូចនេះ បញ្ហាដែលយុវវ័យត្រូវប្រឈមជាមួយរបបអាហារមួយចំនួន និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​អាចបំផ្លាញសុខភាពទូទៅ​របស់ខ្លួនឯងទាំងនៅវ័យក្មេង។

១. ញ៉ាំអាហារបំពងស្ទើរតែរាល់ថ្ងៃ

មាន់បំពង និងដំឡូងបារាំងបំពង គឺជាអាហារសំណព្វចិត្ត។ អាហារបំពងមានផ្ទុកជាតិខ្លាញ់អាក្រក់ខ្ពស់។ ប្រេងដែលបំពងក្នុងសីតុណ្ហភាពខ្ពស់ បង្កើតឱ្យមានសមាសធាតុអុកស៊ីតកម្មដែលបង្កឱ្យមានការរលាក។ កាលណាញ៉ាំជាប្រចាំ រាងកាយងាយនឹងធាត់លើសទម្ងន់ លើសជាតិខ្លាញ់ក្នុងឈាម និងលើសសម្ពាធឈាម ដែលសុទ្ធតែជាកត្តាបំផ្លាញសរសៃឈាម។

២. តែទឹកដោះគោ ឬភេសជ្ជៈផ្អែមៗ

ភេសជ្ជៈដែលមើលទៅហាក់គ្មានគ្រោះថ្នាក់ តែជាបន្ទុកដ៏ធ្ងន់សម្រាប់តម្រងនោម តែទឹកដោះគោមានវត្តមានស្ទើរតែរាល់ថ្ងៃក្នុងជីវិតរបស់យុវវ័យសម័យថ្មី។ ភេសជ្ជៈប្រភេទនេះមានជាតិស្ករខ្ពស់បំផុត ធ្វើ​ឲ្យ​មាន​ហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ គឺជាមូលហេតុចម្បងដែលនាំឱ្យខ្សោយតម្រងនោម។ ក្រៅពីនេះ តែទឹកដោះគោខ្លះក៏សម្បូរទៅដោយផូស្វ័រ និងសារធាតុបន្ថែម ដែលតម្រងនោមត្រូវប្រឹងប្រែងខ្លាំងដើម្បីបញ្ចេញចោល។

៣. ការដាច់យប់រ៉ាំរ៉ៃ

ការដាច់យប់រ៉ាំរ៉ៃ ធ្វើឱ្យតម្រងនោមគ្មានពេលស្តារឡើងវិញ ពេលយប់គឺជាពេលវេលាដែលរាងកាយជួសជុលខ្លួនឯង និងបញ្ចេញជាតិពុល ហើយតម្រងនោមក៏ត្រូវការសម្រាកតាមនាឡិកាជីវសាស្ត្រដែរ។ ការដាច់យប់យូរអង្វែងនាំឱ្យរំខានដល់អ័រម៉ូន បង្កើនសម្ពាធឈាម និងបង្កើនហានិភ័យនៃជំងឺធាត់ និងទឹកនោមផ្អែម ដែលសុទ្ធតែជាផ្លូវកាត់ឆ្ពោះទៅរកការខ្សោយតម្រងនោម។

អាហារដែលមនុស្សគ្រប់គ្នាចូលចិត្តនិងទម្លាប់ពេលយប់ដែលមើលទៅសាមញ្ញ អាចនឹងត្រូវសងវិញដោយដោយ​ធ្វើ​ឲ្យ​សុខភាព​ទូទៅ ឬ​តម្រងនោម​យើង​ចុះខ្សោយ​៕

ប្រភព៖ kenh14 / NIH

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី