ស្បែកជ្រូក​លាក់ទុកចំណុចពិសេសធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល

  • 2026-02-09 01:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងផ្ទះបាយនៃគ្រួសារជាច្រើន ស្បែកជ្រូកច្រើន​តែត្រូវកាត់ចោលនៅពេលរៀបចំសាច់។ ឱ្យតែឃើញស្រទាប់ស្បែកក្រាស់ ស្វិត និងរលើបរលោងដោយខ្លាញ់ គ្នា​យើង​មិនតិចនាក់ទេដែលបោះវាចោលភ្លាមៗ ដោយគិតថាញ៉ាំទៅធ្វើ​ឲ្យ​ធាត់ និងគ្រោះថ្នាក់ដល់សុខភាព។

ទោះជាយ៉ាងណាក៏ដោយ​ការពិតគឺនៅតែជាការពិត។ ស្រទាប់ស្បែកជ្រូកដែលមើលទៅហាក់ដូចជាគ្មានតម្លៃនោះ បែរជាបង្កប់នូវ​ឃ្លាំងអាហារូបត្ថម្ភ​ដែលយើងភាគច្រើនកំពុងតែខ្ជះខ្ជាយដោយអចេតនា។ យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថា ការយល់ខុសអំពីស្បែកជ្រូកធ្វើឱ្យយើង​គ្រប់​គ្នា​រំលងប្រភពអាហារដែលមានតម្លៃមួយ​នេះ​។

ស្បែកជ្រូកមិនមែនសុទ្ធតែខ្លាញ់ដូចដែលអ្នក​គ្រប់​គ្នា​គិតនោះទេ។ ប្រសិនបើត្រូវបានចម្អិនឱ្យបានត្រឹមត្រូវ ដោយការជម្រះ​ខ្លាញ់លើស និងបរិភោគក្នុងបរិមាណសមល្មម ស្បែកជ្រូកនឹងផ្តល់នូវខូឡាជែននិងប្រូតេអ៊ីនធម្មជាតិ ដែលល្អបំផុតសម្រាប់ស្បែក សន្លាក់ឆ្អឹង និងដំណើរការស្តារកោសិកាឡើងវិញ។

ស្បែកជ្រូក៖ មិនមែនត្រឹមតែជាខ្លាញ់ តែគឺជាកូឡាជែនធម្មជាតិ

ចំណុចលេចធ្លោបំផុតនៃស្បែកជ្រូក គឺស្ថិតនៅលើបរិមាណកូឡាជែនដ៏សម្បូរបែប ដែលមានរហូតដល់ប្រហែល២៦% ពោលគឺខ្ពស់ជាងផ្នែកសាច់ដទៃទៀតឆ្ងាយណាស់។ ខូឡាជែនគឺជាសមាសធាតុរចនាសម្ព័ន្ធចម្បងនៃស្បែក សរសៃពួរ សរសៃចំណង និងឆ្អឹងខ្ចី ដែលជួយរក្សាភាពយឺត រឹងមាំ និងសមត្ថភាពស្តារឡើងវិញនៃជាលិកាភ្ជាប់។

នៅពេលរាងកាយឈានចូលវ័យ ២៥-៣០ឆ្នាំ ដំណើរការផលិតកូឡាជែនធម្មជាតិចាប់ផ្តើមថយចុះ ធ្វើឱ្យស្បែកងាយ​យារធ្លាក់ ស្ងួត និងលេចចេញស្នាមជ្រីវជ្រួញ។ ការបន្ថែមខូឡាជែនពីអាហារធម្មជាតិដូចជាស្បែកជ្រូក ជួយផ្តល់វត្ថុធាតុដើម​ឱ្យរាងកាយសំយោគខូឡាជែនថ្មីឡើងវិញ។ បើប្រៀបធៀបទៅនឹងផលិតផលខូឡាជែនប្រភេទម្សៅ ឬគ្រាប់ ការស្រូបយកខូឡាជែនពីស្បែកជ្រូកមកជាមួយសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយកាត់បន្ថយហានិភ័យនៃសារធាតុបន្ថែមដែលមិនចាំបាច់។

ប្រភពប្រូតេអ៊ីនគុណភាពខ្ពស់ដែលមិនសូវមានអ្នកចាប់អារម្មណ៍

មិនត្រឹមតែមានខូឡាជែនប៉ុណ្ណោះទេ ស្បែកជ្រូកក៏មានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ប្រហែល ២២% រួមទាំងអាស៊ីត​អាមីណូចាំបាច់ជាច្រើនដូចជា Leucine និង Lysine។ ទាំងនេះគឺជាអាស៊ីតអាមីណូដែលរាងកាយមិនអាចសំយោគដោយខ្លួនឯងបាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាម៉ាសសាច់ដុំ ពង្រឹងប្រព័ន្ធភាពស៊ាំ និងជំនួយដល់ដំណើរការមេតាប៉ូលីស។

តើស្បែកជ្រូកពិតជាធ្វើឱ្យធាត់មែនឬទេ?

មតិដែលថា​ញ៉ាំស្បែកជ្រូកគឺធាត់ បានចាក់ឫសយ៉ាងជ្រៅក្នុងគំនិតរបស់មនុស្សជាច្រើន ប៉ុន្តែការពិតវាមិនមែនទាំងស្រុងបែបនោះទេ។ ស្បែកជ្រូកមានផ្ទុកជាតិខ្លាញ់ត្រឹមតែប្រហែល១៥% ប៉ុណ្ណោះ ដែលទាបជាងសាច់ជ្រូកបីជាន់ ឬឆ្អឹងជំនីជ្រូកឆ្ងាយណាស់។ ស្បែកជ្រូក១០០ ក្រាម ផ្តល់ថាមពលប្រហែល ៣៦៣ កីឡូកាល់ឡូរី (ប្រហាក់ប្រហែលនឹងបាយសមួយចាន)។

បញ្ហាមិនមែនស្ថិតនៅលើស្បែកជ្រូកខ្លួនឯងទេ ប៉ុន្តែស្ថិតនៅលើវិធីចម្អិន។ នៅពេលស្បែកជ្រូកត្រូវបានបំពងស្រួយ ជ្រលក់ក្នុងប្រេង ឬញ៉ាំជាមួយគ្រឿងទេសដែលមានជាតិខ្លាញ់ច្រើន នោះកម្រិតកាឡូរីនឹងហក់ឡើងខ្ពស់។ ផ្ទុយទៅវិញ បើស្ងោរ ខ ឬស្លជាមួយបន្លែ ស្បែកជ្រូកមិនបង្កជាបន្ទុកធ្ងន់ដល់រាងកាយឡើយ។

អត្ថប្រយោជន៍សុខភាពដែលនឹកស្មានមិនដល់

  • ផ្ដល់ខូលាជែន៖ ខូឡាជែន និងប្រូតេអ៊ីនជួយបង្កើតកោសិកាស្បែកថ្មី ជួយឱ្យស្បែកមានសំណើម កាត់បន្ថយភាពស្ងួត។

  • ល្អសម្រាប់ឆ្អឹង និងសន្លាក់៖ ជួយបង្កើនភាពធន់នៃឆ្អឹងខ្ចីសន្លាក់ កាត់បន្ថយការសឹក និងជួយឱ្យការធ្វើចលនាមានភាពងាយស្រួល ជាពិសេសសម្រាប់មនុស្សចាស់។

  • ជួយជួសជុលជាលិកាដែលរងរបួស៖ ក្រោយការវះកាត់ ឬរងរបួស រាងកាយត្រូវការប្រូតេអ៊ីន និងខូឡាជែនច្រើនដើម្បីបង្កើតកោសិកាឡើងវិញ៕

ប្រភព៖ kenh14 / NIH

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី