ខ្ទឹមស៖ថ្នាំផ្សះធម្មជាតិជួយការពាររាងកាយពីបាក់តេរី

  • 2026-02-11 01:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសបង្កើនរសជាតិម្ហូបឱ្យឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាវុធដ៏មានឥទ្ធិពលបំផុតមួយរបស់ធម្មជាតិក្នុងការប្រឆាំងនឹងមេរោគ។ តើគ្នាយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេចាត់ទុកខ្ទឹមសជាឱសថបុរាណ?

១. តើសារធាតុក្នុងខ្ទឹមសសម្លាប់បាក់តេរីដោយរបៀបណា?

អាថ៌កំបាំងដ៏អស្ចារ្យបំផុតរបស់ខ្ទឹមស គឺសារធាតុ Allicin។ សារធាតុនេះនឹងកកើតឡើងនៅពេលយើងដំ ឬហាន់ខ្ទឹមសឱ្យម៉ត់។ Allicin មានសមត្ថភាពជ្រាបចូលទៅក្នុងកោសិកាបាក់តេរី និងទៅរារាំងអង់ស៊ីមសំខាន់ៗដែលបាក់តេរីត្រូវការដើម្បីរស់ និងបន្តពូជ។ បន្ថែមពីនេះ វារំខានដល់ដំណើរការផលិតថាមពលរបស់បាក់តេរី ធ្វើឱ្យពួកវាចុះខ្សោយ និងងាប់ទៅវិញដោយមិនអាចបង្កគ្រោះថ្នាក់ដល់យើងបាន។

២. អត្ថប្រយោជន៍ចំពោះអ្នកញ៉ាំខ្ទឹមស

ការញ៉ាំខ្ទឹមសជាប្រចាំ ផ្តល់ផលចំណេញយ៉ាងច្រើនដល់សុខភាព៖

  • ពង្រឹងប្រព័ន្ធការពាររាង្គកាយ៖ ខ្ទឹមសជួយឱ្យកោសិកាគ្រាប់ឈាមសមានភាពសកម្មជាងមុន ក្នុងការកម្ចាត់មេរោគដែលចូលក្នុងខ្លួន ជាពិសេសពេលមានជំងឺផ្តាសាយធម្មតា។
  • ការពារការឆ្លងមេរោគ៖ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារ និងបាក់តេរីដែលបង្កឱ្យមានបញ្ហាមាត់ធ្មេញ។
  • ល្អសម្រាប់បេះដូង និងសរសៃឈាម៖ ក្រៅពីសម្លាប់មេរោគ ខ្ទឹមសជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយជាតិខ្លាញ់អាក្រក់។
  • ប្រឆាំងការរលាក៖ សារធាតុស្ពាន់ធ័រនៅក្នុងខ្ទឹមស ជួយកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយ។

ចំណុចគួរដឹង

យើង​អាច​ទុកខ្ទឹមសក្រោយពេលហាន់ ឬដំរួច​ប្រហែល១០នាទី សិនសឹមយកទៅចម្អិន ឬញ៉ាំ។ ការធ្វើបែបនេះដើម្បីឱ្យសារធាតុ Allicin កកើតបានពេញលេញ។

ពេលចម្អិន កុំចម្អិនយូរពេក។ កម្តៅខ្លាំងពេកអាចធ្វើឱ្យបាត់បង់គុណសម្បត្តិប្រឆាំងបាក់តេរី។ បើអាចញ៉ាំខ្ទឹមសឆៅ (ក្នុងបរិមាណសមល្មម) ឬដាក់ចូលក្នុងម្ហូបនៅដំណាក់កាលចុងក្រោយគឺជារឿងល្អ។

ប៉ុន្តែខ្ទឹមសក៏អាចធ្វើឲ្យមានក្លិនមាត់ដែរ។ ប្រសិនបើយើងបារម្ភពីរឿងក្លិនមាត់ក្រោយញ៉ាំខ្ទឹមសយើងអាចញ៉ាំប៉ោម ឬស្លឹកជីរអង្កាម តាមក្រោយដើម្បីជួយបន្សាបក្លិន។ ទោះជាខ្ទឹមសល្អយ៉ាងណា ក៏មិនគួរញ៉ាំច្រើនហួសហេតុពេកដែរ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ៕

ប្រភព៖ Healthline / NIH

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី