Sabay Cinema បើកទំព័រថ្មីនៃវិស័យកម្សាន្តនៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់កូនខ្មែរ១០០%

  • 2026-03-05 13:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យកម្សាន្ត និងសិល្បៈសោតទស្សន៍របស់ប្រទេសកម្ពុជាបានឈានចូលដល់ជំពូកថ្មីមួយនៅថ្ងៃនេះ ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ Sabay Cinema (ដែលកាលពីមុនប្រតិបត្តិការក្រោមឈ្មោះ Major Cineplex Cambodia)។ ការផ្លាស់ប្តូរដ៏សំខាន់នេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Sabay Digital Group បានសម្រេចទិញយកភាគហ៊ុនទាំងស្រុងពីក្រុមហ៊ុន Major Cineplex Group ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ។

ការទិញយកអាជីវកម្មនេះ មិនត្រឹមតែជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាណដ៏សំខាន់នៃការផ្ទេរអំណាចគ្រប់គ្រងវិស័យសិល្បៈ និងការកម្សាន្តមកក្នុងដៃជនជាតិខ្មែរវិញ។ ក្រោមការផ្លាស់ប្តូរនេះ មិនត្រឹមតែរោងភាពយន្តទាំង ៦ ទីតាំងប៉ុណ្ណោះទេ សូម្បីតែសេវាកម្មកម្សាន្តបោះប៊ូលីង «Blue-O Bowling» ក៏ត្រូវបានដាក់ដំណើរការឡើងវិញក្រោមឈ្មោះថ្មីថា «Sabay Rhythm & Bow» ផងដែរ។ នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Sabay ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីកម្សាន្តដ៏សម្បូរបែប ដែលលើសពីការទស្សនាភាពយន្ត គឺការបង្កើតនូវបទពិសោធន៍រស់នៅ និងទំនាក់ទំនងសង្គមសម្រាប់មនុស្សគ្រប់វ័យ។

លោក ជី សិលា ម្ចាស់ក្រុមហ៊ុន Sabay បានបញ្ជាក់ក្នុងពិធីសម្ពោធផ្លូវការរោងភាពយន្ត Sabay នៅថ្ងៃទី៥ ខែមីនា នេះថា លោកចង់ធ្វើឲ្យ Sabay Cinema ខុសប្លែកពីមុន គឺការផ្ដោតសំខាន់លើការគាំទ្រសហគមន៍ច្នៃប្រឌិត ដោយបង្កើតឲ្យមាន Co-working space ដើម្បីផ្ដល់កន្លែងសម្រាប់ធ្វើការ និងពិភាក្សាការងារសម្រាប់យុវវ័យសម័យថ្មី និងសម្រាប់ផ្តល់ឱកាសដល់ផលិតករភាពយន្តវ័យក្មេងក្នុងការជួបជុំគ្នា បង្កើតបណ្តាញទំនាក់ទំនង និងទទួលបានការបណ្តុះបណ្តាលផ្សេងៗ។

លោកបន្ថែមថា៖ ក្រៅពីយើងធ្វើឲ្យមានការកម្សាន្តសម្បាយ យើងត្រូវការធ្វើអ្វីថែមមួយចំនួនដើម្បីចូលរួមធ្វើម៉េចឲ្យការផលិតភាពយន្តនៅស្រុកខ្មែរយើងមានកាន់តែច្រើន គុណភាពកាន់តែខ្ពស់...ខ្ញុំចង់ឲ្យមានអ្វីដែលថ្មីមានហាងកាហ្វេ មាន Catwalk ខ្ញុំគិតថាយើងជាយុវជនជំនាន់ក្រោយគួរមានសិទ្ធិមានឱកាស ទទួលបានការកម្សាន្តដែលល្អផាសុកភាព និងវិជ្ជមាន និន្នាការរបស់យើងចង់ផ្ដល់ការកម្សាន្តប្រកបដោយភាពវិជ្ជមាន»។

លោកឲ្យដឹងទៀតថា៖ «ពេលដែលយើងសម្ពោធនៅថ្ងៃនេះ សំបុត្រទស្សនាភាពយន្តនៅរោងភាពយន្ត Sabay យើងមិនឡើងថ្លៃទេ ប៉ុន្តែអាចធូរជាងមុន [ដោយមានប្រូម៉ូសិន]»។

ក្រោមការដឹកនាំរបស់ជនជាតិខ្មែរ Sabay Cinema និង Sabay Rhythm & Bowl ដើរទៅមុខជាមួយនឹងមហិច្ឆតាពីរយ៉ាងច្បាស់លាស់។ ទីមួយគឺ ពង្រឹង និងវិនិយោគលើប្រព័ន្ធអេកូឡូស៊ីភាពយន្ត និងការច្នៃប្រឌិតរបស់កម្ពុជា និងទីពីរលើកកម្ពស់វិស័យកម្សាន្តជាតិឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងទំនុកចិត្ត។ Sabay Cinema ឈរឈ្មោះជាសហគ្រាសរបស់កូនខ្មែរ ១០០% ដែលប្តេជ្ញាផ្តល់អំណាចដល់អ្នកមានសមត្ថភាពក្នុងស្រុក ជាពិសេសគឺការផ្ដល់ឱកាសឲ្យភាពយន្តក្នុងស្រុកទទួលបានម៉ោងចាក់ផ្សាយល្អៗ។

Sabay Cinema ផ្តល់ជូននូវបទពិសោធន៍ទស្សនាភាពយន្តលំដាប់ពិភពលោកនៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ក្រុមការងារក្នុងស្រុកដែលមានបទពិសោធន៍ និងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង។

បង្កើតឡើងក្នុងឆ្នាំ២០០៧ Sabay Digital Group គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ដែលមានប្រតិបត្តិការលើផ្នែកមាតិកាឌីជីថល ការកម្សាន្ត និងការរស់នៅ។ តាំងពីឆ្នាំ២០១០ Sabay បានវិនិយោគយ៉ាងសកម្មក្នុងវិស័យភាពយន្ត រួមទាំងការចែកចាយភាពយន្ត និងការផលិតភាពយន្តក្នុងស្រុក។

ដោយ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី