ពាក់អាវទ្រនាប់តឹងណែនពេកបណ្តាលឱ្យមានបញ្ហាអ្វីខ្លះដល់សុដន់?
- 2026-06-23 01:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់អាវទ្រនាប់តឹងណែនពេកបណ្តាលឱ្យមានបញ្ហាអ្វីខ្លះដល់សុដន់?
ចន្លោះមិនឃើញ
នារីៗជាច្រើនដោយសារតែចង់កែប្រែទម្រង់រាងរូវឱ្យស្អាត បានបង្ខំខ្លួនឯងពាក់អាវទ្រនាប់ដែលតឹងណែនខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា ទម្លាប់នេះមិនត្រឹមតែបង្កការរំខានមិនស្រួលខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលវិបាកជាច្រើនដែលមិនអាចស្មានដល់ ចំពោះសុខភាព និងសោភ័ណភាពនៃដើមទ្រូងទៀតផង។ នៅលើបណ្តាញសង្គម ជារឿយៗតែងតែមានការចែករំលែកព័ត៌មានថា ការពាក់អាវទ្រនាប់តឹងពេកនឹងទៅសង្កត់ប្រព័ន្ធកូនកណ្តុរ ដែលនាំឱ្យកើតជំងឺមហារីកដោះ។ តើការពិតវាបែបនេះមែនដែរឬទេ? លោកវេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី Truong Du Can (មន្ទីរពេទ្យ Cathay, ប្រទេសចិន) បានមានប្រសាសន៍ថា ទោះបីជាមិនទាន់មានភស្តុតាងផ្ទាល់ណាមួយបញ្ជាក់ថា ការពាក់អាវទ្រនាប់តឹងបង្កឱ្យកើតជំងឺមហារីកក៏ដោយ ប៉ុន្តែផលប៉ះពាល់ដែលវាបង្កឡើងចំពោះតំបន់ដើមទ្រូង គឺជារឿងពិតប្រាកដទាំងស្រុង។
ផលវិបាកពីទម្លាប់ «ពាក់អាវទ្រនាប់តឹងពេក»
លោកវេជ្ជបណ្ឌិត Truong Du Can បានពន្យល់ថា ផលប៉ះពាល់ដែលច្បាស់បំផុតនៃការពាក់អាវទ្រនាប់តឹងពេក គឺវាទៅរារាំងការចរន្តឈាម និងប្រព័ន្ធកូនកណ្តុរនៅជុំវិញតំបន់ដើមទ្រូង។ នៅពេលដែលប្រព័ន្ធនេះត្រូវបានសង្កត់ណែន សារធាតុរាវកូនកណ្តុរមិនអាចចរាចរបានធម្មតាឡើយ ដែលយូរៗទៅងាយនឹងបណ្តាលឱ្យមានស្ថានភាពឈឺណែន ហើម និងរលាក ព្រមទាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កោសិកាដើមទ្រូង។ ការសិក្សាមួយចំនួនក៏បានបង្ហាញផងដែរថា ការទ្រាំទ្រនឹងសម្ពាធខ្លាំងពេកក្នុងរយៈពេលយូរ មានការទាក់ទងទៅនឹងរោគសញ្ញាមិនស្រួលនៃជំងឺដុំគីសសរសៃក្នុងសុខដន់។
អាវទ្រនាប់ខុសខ្នាត ធ្វើឱ្យដើមទ្រូង «ឆាប់យារធ្លាក់»
នារីៗជាច្រើនយល់ច្រឡំថា «កាន់តែតឹង កាន់តែជួយទប់កុំឱ្យយារធ្លាក់បានល្អ»។ លោកវេជ្ជបណ្ឌិត Truong បានបញ្ជាក់ថានេះជាការយល់ឃើញខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ ការពឹងផ្អែកខ្លាំងពេកលើកម្លាំងរឹបពីរ៉ូបទ្រនាប់ ធ្វើឱ្យសាច់ដុំ និងសរសៃចំណង ជុំវិញដើមទ្រូង បាត់បង់សមត្ថភាពទ្រទ្រង់ដោយធម្មជាតិរបស់វា។ ក្នុងរយៈពេលវែង សាច់ដុំទ្រូងនឹងក្លាយជាធូរលុង ដែលធ្វើឱ្យស្ថានភាពយារធ្លាក់កើតឡើងកាន់តែលឿនជាងមុន។ ក្រៅពីនេះ សម្ពាធពីដែកកោងជំនួយ និងខ្សែអាវ ក៏បង្កជាបញ្ហាផងដែរដូចជា៖
• ការខូចខាតស្បែក៖ ការកកិតជាប់ជាប្រចាំ ធ្វើឱ្យតំបន់ស្បែកនៅក្រោមដើមទ្រូង ស្មា និងក្លៀក ឡើងក្រហមរផ្សា រហូតដល់បន្សល់ទុកស្នាមជាំខ្មៅពិបាកនឹងបាត់ទៅវិញ។
• ណែនទ្រូង ពិបាកដកដង្ហើម៖ អាវទ្រនាប់តឹងពេកទៅសង្កត់ទ្រុងទ្រូង ធ្វើឱ្យរាងកាយស្ថិតក្នុងស្ថានភាពតានតឹង និងពិបាកដកដង្ហើមជានិច្ច។
• ឈឺស្មា ក និងស្ពឹកដៃ៖ ខ្សែអាវតឹងពេក ឬទីតាំងដែកកោងជំនួយមិនត្រូវខ្នាត នឹងទៅសង្កត់លើសរសៃប្រសាទតំបន់ស្មា និងក បង្កជាអារម្មណ៍ស្ពឹកស្រពន់នៅដើមដៃ។ ប្រសិនបើមិនផ្លាស់ប្តូរមកប្រើប្រភេទអាវដែលសមស្របទេនោះ ទោះបីជាសម្រាក ឬម៉ាស្សាក៏ពិបាកនឹងដោះស្រាយការឈឺចាប់នេះឱ្យដាច់ស្រឡះបានដែរ។
អ្នកត្រូវតែប្តូរអាវទ្រនាប់ភ្លាម ប្រសិនបើលេចចេញសញ្ញាទាំង ៥ នេះ៖
ខ្សែអាវជារឿយៗតែងតែរបូតធ្លាក់ ឬរឹបកប់ជ្រៅទៅក្នុងស្បែកស្មា។
ផ្នែកខ្សែខាងក្រោយរេខិតខុសកន្លែង មិនស្ថិតនៅផ្ដេកត្រង់ខ្នងឡើយ។
ខ្សែអាវ មិនសមល្មម៖ មានបាតុភូតហៀរសាច់ដោះចេញមកក្រៅ ឬមានចន្លោះទំនេររវាងដោះ និងខ្សែអាវ។
ដែកកោងជំនួយសង្កត់លើសាច់ដោះ ជំនួសឱ្យការអោបជាប់នឹងឆ្អឹងទ្រូង។
ស្នាមរឹបនៅលើស្បែក៖ បន្ទាប់ពីដោះអាវចេញនៅចុងបញ្ចប់នៃថ្ងៃ ស្បែកឡើងក្រហម ហើម ឬមានស្នាមរឹបជ្រៅដែលពិបាកនឹងបាត់ទៅវិញ។
កុំដោយសារតែដេញតាមនិន្នាការសម្រស់ ហើយយកសុខភាពទៅដូរនោះឡើយ។ សូមស្តាប់ការឆ្លើយតបពីរាងកាយរបស់អ្នក ហើយផ្តល់អាទិភាពដល់ការជ្រើសរើសអាវទ្រនាប់ដែលមានទំហំត្រឹមត្រូវ និងមានរចនាបទជួយទ្រទ្រង់សមស្រប ដើម្បីការពារដោះ និងរក្សាទម្រង់កោងធម្មជាតិឱ្យបានល្អ៕
ប្រភព៖ kenh14