ទម្លាប់ទាំង៥ ដែលអាចធ្វើឱ្យសម្រស់ចាស់ជាងវ័យ
- 2026-06-02 07:23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ទាំង៥ ដែលអាចធ្វើឱ្យសម្រស់ចាស់ជាងវ័យ
ចន្លោះមិនឃើញ
មនុស្សជាច្រើននៅតែគិតថា ភាពចាស់ជ្រីវជ្រួញគ្រាន់តែជារឿងអាយុកាន់តែច្រើនប៉ុណ្ណោះ។ ប៉ុន្តែតាមពិតទៅ មានអ្នកខ្លះទើបតែអាយុខ្ទង់ ២០ ឆ្នាំជាង ឬឈានចូល ៣០ ឆ្នាំ ក៏ចាប់ផ្តើមមានស្នាមជ្រីវជ្រួញ និងរាងកាយចុះខ្សោយកម្លាំងយ៉ាងច្បាស់ក្រឡែតទៅហើយ។ ផ្ទុយទៅវិញ មនុស្សមិនតិចឡើយដែលស្ថិតក្នុងវ័យ ៥០ ឆ្នាំ តែនៅតែរក្សាបាននូវស្បែកតឹងណែន រឹងមាំ និងកម្លាំងមាំមួនដដែល។ ភាពខុសគ្នានេះ ជួនកាលមិនមែនស្ថិតនៅលើគ្រឿងសម្អាងថ្លៃៗ ឬហ្សែនពីកំណើតនោះទេ ប៉ុន្តែវាបានមកពីទម្លាប់ដែលយើងធ្វើដដែលៗជារៀងរាល់ថ្ងៃ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ការចូលគេងយប់ជ្រៅ ដែលជារឿយៗត្រូវបានគេចាត់ទុកថាជាជនដៃដល់លេខ១ធ្វើឱ្យរាងកាយចាស់ជាងវ័យ តែការពិតមិនដូច្នោះទេ វាស្ថិតនៅលំដាប់ក្រោយគេទៅវិញ។ តាមសម្តីរបស់អ្នកជំនាញ មានឥរិយាបថមួយចំនួនដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីសោះ ប៉ុន្តែវាដុតរំញោចដំណើរការនៃភាពចាស់យ៉ាងខ្លាំងក្លាជាងនេះឆ្ងាយណាស់។ ខាងក្រោមនេះជាបញ្ជីទម្លាប់ទាំង ៦ ដែលជំរុញឱ្យអ្នកចាស់លឿនជាងវ័យ។
១៖ ការញ៉ាំរបស់ផ្អែមច្រើនពេក
ទម្លាប់ដែលយុវវ័យបច្ចុប្បន្នជាច្រើនកំពុងតែជួប គឺការផឹកតែទឹកដោះគោ ញ៉ាំនំខេក ភេសជ្ជៈមានហ្គាស ឬបង្អែមដែលមានផ្ទុកជាតិស្ករខ្ពស់។ ក្នុងវិស័យវេជ្ជសាស្ត្រ ស្ថានភាពនេះទាក់ទងនឹងដំណើរការមួយហៅថា Glycation។ នៅពេលដែលរាងកាយស្រូបយកជាតិស្ករច្រើនពេក ជាតិស្ករដែលលើសនឹងទៅផ្សំជាមួយកូឡាជែននិងអេឡាស្ទីន (Elastin) បង្កើតបានជាសារធាតុ AGEs (Advanced Glycation End-products)។ នេះត្រូវបានគេចាត់ទុកថាជាសត្រូវនៃស្បែក ព្រោះវាធ្វើឱ្យកូឡាជែនបាត់បង់ភាពបត់បែន បណ្តាលឱ្យស្បែកយារធ្លាក់ ស្រអាប់ពណ៌ និងលេចចេញស្នាមជ្រីវជ្រួញមុនអាយុ។
អ្វីដែលគួរឱ្យនិយាយនោះគឺ ផលប៉ះពាល់នៃជាតិស្ករមិនមែនមានតែនៅលើស្បែកប៉ុណ្ណោះទេ។ អ្នកជំនាញបានព្រមានថា របបអាហារដែលមានជាតិស្ករច្រើនពេក ក៏បង្កការខូចខាតដល់ជញ្ជាំងសរសៃឈាម បង្កការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ និងបង្កើនហានិភ័យនៃជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ នៅពេលដែលសរីរាង្គខាងក្នុងចាប់ផ្តើមចាស់ទៅ រូបរាងខាងក្រៅក៏ពិបាកនឹងរក្សាភាពក្មេងជាងវ័យបានដែរ។ មនុស្សជាច្រើនគិតថាខ្លួនឯងញ៉ាំជាតិស្ករតិចតួចណាស់ ព្រោះមិនសូវបានញ៉ាំនំផ្អែម ឬស្ករគ្រាប់។ ប៉ុន្តែតាមពិតទៅ ជាតិស្ករបានលាក់ខ្លួនយ៉ាងជិតឈឹងនៅក្នុងតែទឹកដោះគោ កាហ្វេកំប៉ុង ធញ្ញជាតិអាហារពេលព្រឹក ទឹកជ្រលក់ញ៉ាំជាមួយសឡាដ ឬសូម្បីតែទឹកផ្លែឈើកំប៉ុងក៏ដោយ។
២៖ ការអង្គុយយូរពេក
បុគ្គលិកការិយាល័យមិនតិចឡើយដែលចំណាយពេលប្រហែលប្រាំម៉ោងជារៀងរាល់ថ្ងៃដើម្បីអង្គុយធ្វើការ។ ទៅធ្វើការអង្គុយនៅមុខកុំព្យូទ័រ ចេញពីធ្វើការមកវិញក៏បន្តដេកអូសទូរស័ព្ទ ឬមើលរឿងភាគបន្តទៀត។
ការសិក្សាស្រាវជ្រាវធ្លាប់បានព្រមានថា ការអង្គុយយូរអាចមានគ្រោះថ្នាក់ជាងអ្វីដែលមនុស្សជាច្រើនគិត។ នៅពេលដែលរាងកាយមិនសូវមានចលនា ឈាមរត់នឹងយឺតយ៉ាវ សាច់ដុំចុះខ្សោយទៅៗ ហើយល្បឿននៃការរំលាយអាហារក៏ធ្លាក់ចុះដូចគ្នា។ វានឹងធ្វើឱ្យរាងកាយងាយនឹងកកកុញខ្លាញ់ ឡើងទម្ងន់ និងបាត់បង់ភាពធន់នៃរាងកាយ។
អ្វីដែលគួរឱ្យខ្លាចនោះគឺ ដំណើរការនេះកើតឡើងដោយស្ងៀមស្ងាត់បំផុត។ ដំបូងឡើយ គ្រាន់តែជាការឈឺខ្នង ហត់នឿយកញ្ចឹងក-ស្មា ឬទល់លាមក។ បន្ទាប់មក ស្បែកចាប់ផ្តើមស្រអាប់ពណ៌ រាងកាយងាយហត់នឿយ និងកើនឡើងហានិភ័យជំងឺបេះដូង។ អ្នកជំនាញយល់ថា សាច់ដុំគឺជារោងចក្រប្រឆាំងនឹងភាពចាស់របស់រាងកាយ។ នៅពេលដែលបរិមាណសាច់ដុំថយចុះដោយសារតែការអង្គុយច្រើនពេក ល្បឿននៃភាពចាស់ក៏នឹងកើនឡើងលឿនដូចគ្នា។
៣៖ ភាពស្ត្រេសអូសបន្លាយពេលយូរ
មានមនុស្សខ្លះមើលទៅហាក់ដូចជាហត់នឿយខ្លាំង ទោះបីជាអាយុនៅក្មេងក៏ដោយ។ មូលហេតុជួនកាលមិនមែនមកពីការខ្វះការគេងនោះទេ ប៉ុន្តែវាបានមកពីភាពតានតឹងក្នុងចិត្ត (ស្ត្រេស) អូសបន្លាយពេលយូរ។
នៅពេលដែលរាងកាយស្ថិតក្នុងស្ថានភាពព្រួយបារម្ភ ខឹងសម្បារ ឬរងសម្ពាធជាបន្តបន្ទាប់ អរម៉ូនខកទីសូល (Cortisol) នឹងកើនឡើងខ្ពស់។ នេះជាអរម៉ូនស្ត្រេសដែលអាចរំញោចដល់ក្រពេញខ្លាញ់ឱ្យសកម្មខ្លាំង ធ្វើឱ្យស្បែកកើតមុន ឡើងខ្លាញ់ និងងាយប្រតិកម្មជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រេសក៏រំខានដល់ប្រព័ន្ធអរម៉ូន និងប៉ះពាល់ដល់គុណភាពនៃការគេងផងដែរ។ រាងកាយមិនអាចស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយទៅៗតាមពេលវេលា។ យូរៗទៅ មនុស្សដែលជួបប្រទះភាពតានតឹងញឹកញាប់ ងាយនឹងលេចចេញស្នាមជ្រីវជ្រួញ សក់ស្កូវមុនអាយុ និងមើលទៅចាស់ជាងអាយុពិត។ អ្នកជំនាញជាច្រើនបានអះអាងថា ភាពចាស់ជ្រីវជ្រួញខាងផ្លូវចិត្ត ជួនកាលគួរឱ្យខ្លាចជាងភាពចាស់នៃស្បែកទៅទៀត។
៤៖ ផឹកទឹកតិចពេក
មនុស្សជាច្រើនស្ទើរតែមិនបានផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ ដោយសារតែរវល់ការងារ ឬមិនមានអារម្មណ៍ថាស្រេកទឹក។ ការខ្វះជាតិទឹកអូសបន្លាយពេល ធ្វើឱ្យស្បែកបាត់បង់សំណើម ងាយនឹងស្ងួតគ្រើម និងលេចចេញស្នាមជ្រីវជ្រួញកាន់តែច្បាស់។ ប៉ុន្តែបញ្ហាមិនឈប់ត្រឹមហ្នឹងទេ។ ទឹកក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឈាមរត់ និងជួយរាងកាយបណ្តេញកាកសំណល់ចេញមកក្រៅផងដែរ។
នៅពេលផឹកទឹកតិចពេក ល្បឿននៃការរំលាយអាហារនឹងធ្លាក់ចុះ ជាតិពុលងាយនឹងកកកុញ ហើយរាងកាយតែងតែស្ថិតក្នុងស្ថានភាពល្វើយអស់កម្លាំង។ មនុស្សមួយចំនួនថែមទាំងជួបប្រទះបញ្ហាទល់លាមករ៉ាំរ៉ៃ ដង្ហើមមានក្លិន និងស្បែកស្រអាប់ពណ៌យ៉ាងច្បាស់។ ដូច្នេះហើយ វិធីដ៏សាមញ្ញ និងសន្សំសំចៃបំផុតដើម្បីពន្យារភាពចាស់ គឺការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងបែងចែកការផឹកតិចៗពេញមួយថ្ងៃ។
៥៖ ញ៉ាំប្រៃពេក និងញ៉ាំអាហារបំពងខ្លាញ់ច្រើនពេក
មុខម្ហូបដែលមានរសជាតិដិតខ្លាំងតែងតែមានភាពទាក់ទាញណាស់ ជាពិសេសបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹង។ ប៉ុន្តែរបបអាហារដែលមានផ្ទុកអំបិល និងខ្លាញ់ច្រើនពេក គឺធ្វើឱ្យរាងកាយឆាប់ចាស់ជាងវ័យយ៉ាងលឿន។
ការញ៉ាំប្រៃអូសបន្លាយពេលយូរ អាចធ្វើឱ្យរាងកាយរក្សាជាតិទឹក បណ្តាលឱ្យហើមមុខ និងធ្វើឱ្យស្បែកបាត់បង់ភាពបត់បែន។ ក្នុងពេលជាមួយគ្នានោះ អាហារបំពងមានផ្ទុកសារធាតុរ៉ាឌីកាល់សេរីនិងខ្លាញ់បំប្លែងយ៉ាងច្រើន។ ទាំងនេះគឺជាភ្នាក់ងារបង្កការខូចខាតដល់កោសិកា ជំរុញឱ្យមានការរលាក និងបង្កើនហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម និងជំងឺបេះដូង។ មនុស្សមិនតិចឡើយដែលទើបតែអាយុខ្ទង់ ៣០ឆ្នាំជាង បានចាប់ផ្តើមមានដុះក្បាលពោះ ស្បែកយារធ្លាក់ និងចុះខ្សោយកម្លាំងដោយសារតែរបៀបញ៉ាំចុកបែបនេះ៕
ប្រភព៖ kenh14