តើត្រូវធ្វើម៉េចអាចការពារខ្លួននិងក្រុមគ្រួសារពីគ្រោះថ្នាក់នៃអាកាសធាតុក្តៅ?
- 2026-05-28 08:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើត្រូវធ្វើម៉េចអាចការពារខ្លួននិងក្រុមគ្រួសារពីគ្រោះថ្នាក់នៃអាកាសធាតុក្តៅ?
ចន្លោះមិនឃើញ
អាកាសធាតុក្តៅហួតហែងខ្លាំងកំពុងគ្របដណ្តប់លើបណ្តាខេត្តក្រុងជាច្រើន។ ការកើនឡើងកម្តៅនៃអាកាសធាតុ អាចបង្កជាហានិភ័យខ្ពស់ដល់សុខភាព ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន។ តាមបច្ចេកទេសវេជ្ជសាស្ត្រ ការត្រូវកម្តៅថ្ងៃ គឺជាស្ថានភាពដែលរាងកាយរងការរំខានដល់ប្រព័ន្ធបញ្ចុះកម្តៅ នៅពេលដែលយើងប៉ះពាល់យូរពេកជាមួយបរិស្ថានដែលមានសីតុណ្ហភាពខ្ពស់ ភាពសើមខ្លាំង ឬការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ ធ្វើឱ្យសរីរាង្គមិនអាចបញ្ចេញកម្តៅបានទាន់ពេលវេលា។
១. ការសម្គាល់សញ្ញាដំបូង និងកម្រិតគ្រោះថ្នាក់
គ្រូពេទ្យបានបែងចែកអាការៈនៃការត្រូវកម្តៅថ្ងៃជា ២ កម្រិត ទៅតាមស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ៖
កម្រិតស្រាល៖ រាងកាយចាប់ផ្តើមបង្ហាញសញ្ញាអស់កម្លាំង ល្ហិតល្ហៃ ស្រេកទឹកខ្លាំង វិលមុខ បេះដូងលោតញាប់ និងមានការរមួលក្រពើ ឬសាច់ដុំ។
កម្រិតធ្ងន់ (Heat Stroke / ស្ហុកកម្តៅ)៖ ឈឺក្បាលខ្លាំង ដកដង្ហើមថប់ៗ ចង្អោរ វង្វេងស្មារតី ប្រកាច់ សន្លប់បាត់បង់ស្មារតី រហូតដល់ខ្សោយប្រព័ន្ធសរសៃឈាមបេះដូង និងអាចគ្រោះថ្នាក់ដល់អាយុជីវិត។
២. ស្វែងយល់ពីមូលហេតុ និងប្រភេទនៃការត្រូវកម្តៅថ្ងៃ
ការត្រូវកម្តៅថ្ងៃក្នុងម្លប់៖ ច្រើនតែកើតឡើងនៅពេលធ្វើការងារយូរក្នុងបរិស្ថានដែលហប់ មិនមានខ្យល់ចេញចូល ឬការធ្វើសកម្មភាពហួសកម្លាំង ដែលធ្វើឱ្យរាងកាយបញ្ចេញកម្តៅមិនទាន់ ទោះបីជាមិនបាននៅក្រោមកម្តៅថ្ងៃផ្ទាល់ក៏ដោយ។
ការត្រូវពន្លឺថ្ងៃផ្ទាល់៖ កើតឡើងនៅពេលដែលក្បាល ក និងកញ្ចឹងក ត្រូវពន្លឺព្រះអាទិត្យជះចំផ្ទាល់ បង្កឱ្យមានការរំខានដល់មជ្ឈមណ្ឌលបញ្ជាកម្តៅនៅក្នុងខួរក្បាល។ ស្ថានភាពនេះអាចកើតឡើងលឿនបំផុត ជាពិសេសនៅអំឡុងពេលថ្ងៃត្រង់។
៣.ក្រុមមនុស្សងាយរងគ្រោះ និងរោគសញ្ញាតាមវ័យ
ក្រុមមនុស្សប្រឈមហានិភ័យខ្ពស់រួមមាន កុមារតូច មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ (ជំងឺបេះដូង លើសឈាម) និងអ្នកធ្វើការងារក្រោមកម្តៅថ្ងៃយូរ (កម្មករសំណង់ ទាហាន អត្តពលិក)។ ចំណែកទារក និងកុមារតូចៗ អាចសញ្ញាដំបូងច្រើនតែជាការក្ដៅខ្លួនខ្លាំង ស្រេកទឹកខ្លាំង ស្ងួតបាត់បង់ជាតិទឹក ករណីធ្ងន់ធ្ងរអាចប្រកាច់ ឬសន្លប់។
សម្រាប់កុមារធំ និងមនុស្សពេញវ័យ អាចក្ដៅខ្លួនលើសពី៤០អង្សាសេ ស្រវាំងភ្នែក វិលមុខ ចង្អោរ ស្បែកស្ងួតនិងក្តៅខ្លាំង បេះដូងលោតញាប់ និងរមួលក្រពើ។
៤.វិធីសង្គ្រោះបឋមឱ្យបានត្រឹមត្រូវ
នៅពេលឃើញមាននរណាម្នាក់មានសញ្ញាត្រូវកម្តៅថ្ងៃ ត្រូវប្រញាប់អនុវត្តតាមជំហានដូចជា៖
ផ្លាស់ទីជាបន្ទាន់៖ នាំអ្នកជំងឺចេញពីកន្លែងក្តៅទៅកាន់កន្លែងដែលមានម្លប់ត្រជាក់ មានខ្យល់ចេញចូល ឬបន្ទប់មានម៉ាស៊ីនត្រជាក់។
សម្រាលសម្លៀកបំពាក់៖ ដោះ ឬបន្ធូរសម្លៀកបំពាក់ឱ្យធូរទូលាយ។
បញ្ចុះកម្តៅ៖ ប្រើកន្សែងសើមជូត ឬស្អំនៅតំបន់ ក ក្លៀក និងក្រលៀន (ព្រោះជាកន្លែងសម្បូរទៅដោយសរសៃឈាមធំៗ) រួចប្រើកង្ហារជំនួយដើម្បីឱ្យរាងកាយចុះកម្តៅលឿន។
ផ្តល់ទឹក (ប្រសិនបើនៅដឹងខ្លួន)៖ ឱ្យអ្នកជំងឺផឹកទឹក ទឹកស្អាត ទឹកត្រជាក់ល្មម ឬទឹកផ្លែឈើ។
ករណីសន្លប់៖ ប្រសិនបើអ្នកជំងឺបាត់បង់ស្មារតី ត្រូវដាក់ឱ្យសម្រាកក្នុងទម្រង់ ដេកផ្អៀងប្រកបដោយសុវត្ថិភាព និងហៅឡានសង្គ្រោះបន្ទាន់ជាប្រញាប់។
៥.ការហាមឃាត់ដាច់ខាត
មិនត្រូវប្រើថ្នាំបញ្ចុះកម្តៅ៖ ព្រោះវិបត្តិ Shock កំដៅ មិនមែនជាការក្តៅខ្លួនដោយសារការឆ្លងមេរោគឡើយ។ ការប្រើថ្នាំក្នុងពេលដែលថ្លើម និងតម្រងនោមរងផលប៉ះពាល់ដោយសារកម្តៅ អាចបង្កឱ្យកើនឡើងនូវជាតិពុលក្នុងសរីរាង្គ។
មិនត្រូវផ្តល់ភេសជ្ជៈខុសបច្ចេកទេស៖ មិនត្រូវឱ្យផឹកទឹកកក មិនត្រូវលាយទឹកអំបិលផឹកដោយខ្លួនឯង ឬប្រើភេសជ្ជៈអេឡិចត្រូឡាយដែលមិនច្បាស់លាស់ពីសមាសធាតុផ្សំឡើយ។
មិនត្រូវយកដុំទឹកកកស្អំផ្ទាល់លើស្បែក៖ ព្រោះវាអាចធ្វើឱ្យសរសៃឈាមកន្ត្រាក់ នាំឱ្យរាងកាយកាន់តែពិបាកបញ្ចេញកម្តៅមកក្រៅ។
៦.វិធានការការពារខ្លួន
កម្រិតការចេញក្រៅ៖ ជៀសវាងការធ្វើសកម្មភាពយូរនៅក្រោមកម្តៅថ្ងៃ ជាពិសេសក្នុងចន្លោះម៉ោងក្តៅខ្លាំង (ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៤ រសៀល)។
បំពេញជាតិទឹក៖ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ទាំងមុនពេល អំឡុងពេល និងក្រោយពេលធ្វើសកម្មភាព។
សម្លៀកបំពាក់៖ ស្លៀកពាក់ខោអាវរលុងៗ ពណ៌ស្រាល និងការពារខ្លួនឱ្យបានជិតល្អពេលចេញក្រៅ។
របបអាហារ៖ បរិភោគអាហារផ្តល់ថាមពលគ្រប់គ្រាន់ បង្កើនបន្លែបៃតង និងផ្លែឈើ។ កម្រិតការពិសាស្រាបៀរ ឬគ្រឿងស្រវឹង ព្រោះវាបង្កឱ្យងាយបាត់បង់ជាតិទឹក និងបង្កើនហានិភ័យនៃការអស់កម្លាំងល្ហិតល្ហៃ។
ការយកចិត្តទុកដាក់ជាពិសេសសម្រាប់សិស្សានុសិស្ស៖ នៅក្នុងដំណាក់កាលត្រៀមប្រឡង ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងបំពេញជាតិទឹកជានិច្ច។ ការបាត់បង់ជាតិទឹក ឬវិបត្តិ Shock កំដៅ តែមួយលើក ក៏អាចប៉ះពាល់ដល់កម្លាំង ការចងចាំ និងសមត្ថភាពផ្ដោតអារម្មណ៍ក្នុងរយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់៕
ប្រភព៖ GOV.UK