ម៉ាឡេស៊ីពង្រឹងវត្តមានវិស័យសុខាភិបាលនៅកម្ពុជា​តាមរយៈការរៀបចំពិព័រណ៍វេជ្ជសាស្ត្រជាលើកដំបូងរបស់​ខ្លួន

  • 2026-06-28 05:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បាន​បើក​សម្ពោធ​កម្មវិធី «ពិព័រណ៍សុខាភិបាលម៉ាឡេស៊ី» (Malaysia Healthcare Expo - MHX) ជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ក្នុងគោលបំណងផ្សារភ្ជាប់ក្រុមគ្រួសារកម្ពុជាផ្ទាល់ ជាមួយបណ្តាញមន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី។

ការរៀបចំពិព័រណ៍នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យសុខាភិបាល ដោយវាជាព្រឹត្តិការណ៍ MHX លើកដំបូងបង្អស់ ដែលផ្តោតលើអ្នកប្រើប្រាស់ផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា៖ ទីផ្សារដុះដាលយ៉ាងរហ័សក្នុងវិស័យទេសចរណ៍វេជ្ជសាស្ត្រ

យោងតាមទិន្នន័យផ្លូវការ ប្រទេសកម្ពុជាកំពុងលេចមុខយ៉ាងឆាប់រហ័សក្នុងនាមជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់វិស័យសុខាភិបាលម៉ាឡេស៊ី។ ទំនុកចិត្តរបស់អ្នកជំងឺកម្ពុជាទៅលើប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរបស់ម៉ាឡេស៊ី បានបង្ហាញឱ្យឃើញតាមរយៈតួលេខលេចធ្លោក្នុងឆ្នាំ ២០២៥ កន្លងទៅ៖

• ចំនួនអ្នកជំងឺកម្ពុជា៖ មានរហូតដល់ទៅជាង ១២,០០០ នាក់ ដែលបានធ្វើដំណើរទៅទទួលសេវាកម្មថែទាំសុខភាព និងព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី។

• ចំណូលសេដ្ឋកិច្ច៖ វិស័យទេសចរណ៍សុខាភិបាលពីទីផ្សារកម្ពុជា បាននាំមកនូវចំណូលកើនឡើងរហូតដល់ ៣០,៣ លានរីងហ្គីត (រូបិយប័ណ្ណម៉ាឡេស៊ី)។

យុទ្ធនាការ "Healing Meets Hospitality" ឆ្នាំ ២០២៦

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមយុទ្ធនាការ «ឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ២០២៦» (Malaysia Year of Medical Tourism 2026 - MYMT 2026) ក្រោមប្រធានបទដ៏មានអត្ថន័យថា «ការព្យាបាលជួបជាមួយនឹងបដិសណ្ឋារកិច្ច» (Healing Meets Hospitality)។6a40ab68ef646-1782623040

លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធថា៖ «ដោយសារកម្មវិធី MHX ភ្នំពេញ នាំយកនូវមន្ទីរពេទ្យ និងអ្នកជំនាញមកជួបផ្ទាល់ជាមួយក្រុមគ្រួសារកម្ពុជា យើងសង្ឃឹមថា សេវាកម្មថែទាំសុខភាពដែលប្រកបដោយគុណភាព និងគួរឱ្យទុកចិត្ត កាន់តែមានភាពងាយស្រួលក្នុងការទទួលបាន និងស្វែងយល់។ នេះហើយជាអ្វីដែល MYMT 2026 ចង់សម្រេចបាន ពោលគឺការទៅជួបអ្នកជំងឺដល់កន្លែងដែលពួកគេរស់នៅ និងការកសាងទំនាក់ទំនងយូរអង្វែងនៅទូទាំងតំបន់»។

ព្រឹត្តិការណ៍នេះក៏ទទួលបានការចូលរួមជាកិត្តិយសពី ឯកឧត្តមវេជ្ជបណ្ឌិត សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃនាយកដ្ឋានសុខាភិបាលកម្ពុជា ដែលវត្តមានរបស់ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។

ការជួបជុំនៃមន្ទីរពេទ្យលំដាប់កំពូល និងដៃគូយុទ្ធសាស្ត្រ

នៅក្នុងពិព័រណ៍ MHX ភ្នំពេញ នេះ មានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកផ្តល់សេវាកម្មថែទាំសុខភាពកម្រិតស្តង់ដារអន្តរជាតិ រួមមានមន្ទីរពេទ្យលំដាប់កំពូលរបស់ MHTC ដូចជា វិទ្យាស្ថានបេះដូងជាតិ (IJN) និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya។

មានស្ថាប័នវេជ្ជសាស្ត្រល្បីៗជាច្រើនទៀតរួមមាន៖ • Alpha IVF & Women’s Specialists Centre

• មន្ទីរពេទ្យឯកទេស KPJ (Ampang Puteri, Damansara, និង Damansara 2)

• មជ្ឈមណ្ឌលវេជ្ជសាស្ត្រ MSU

• មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Penang និង Sunway City)

• មន្ទីរពេទ្យ Thomson Kota Damansara

• ក្រុមវេជ្ជសាស្ត្រ Asia OneHealthcare (តំណាងដោយមន្ទីរពេទ្យ Beacon)

• ក្រុម IHH Healthcare Malaysia (តំណាងដោយមន្ទីរពេទ្យ Gleneagles Kuala Lumpur, Pantai Kuala Lumpur និង Prince Court)

កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ធនាគារ Maybank កម្ពុជា ក្នុងនាមជាដៃគូធនាគារផ្លូវការ និង One Health ជាដៃគូប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម រួមទាំងការជួយជ្រោមជ្រែងពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងស្ថាប័នរដ្ឋាភិបាលនានា ដែលបានរួមគ្នារុញច្រានឱ្យប្រទេសម៉ាឡេស៊ី ក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេ និងទទួលបានការពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកការព្យាបាលប្រកបដោយគុណភាពខ្ពស់។

អត្ថបទ៖ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី