តើគួរដកព្រីភ្លើងពី​ទូទឹកកកមុនពេលទៅលេងស្រុក ឬដំណើរកម្សាន្តដែរទេ?

  • 2026-05-26 00:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនរាល់ពេលឈប់សម្រាកវែង (ដូចជាពិធីបុណ្យផ្សេងៗ) គ្នា​យើង​មិនតិចទេបានជ្រើសរើសវិធីដកព្រីភ្លើង​ទូទឹកកកចេញ ដើម្បីសន្សំសំចៃការចំណាយ ឬបង្ការគ្រោះអគ្គិភ័យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអគ្គិសនីបានបញ្ជាក់ថា ការយល់ឃើញបែបនេះមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ។

តាមពិតទៅ ទូទឹកកកត្រូវបានរចនាឡើងដើម្បីឱ្យដំណើរការប្រកបដោយស្ថេរភាពក្នុងរយៈពេលយូរ។ ការដកព្រីចេញគ្រាន់តែដើម្បីសន្សំលុយភ្លើងក្នុងរយៈពេលប៉ុន្មានថ្ងៃ គឺមិនផ្ដល់ផលចំណេញគួរឱ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកផ្ដាច់ចរន្តអគ្គិសនីមិនបានត្រឹមត្រូវតាមបច្ចេកទេស ឧបករណ៍អាចប្រឈមនឹងហានិភ័យនៃការខូចខាតទៅវិញ។

នៅពេលទូទឹកកកត្រូវបានផ្ដាច់ចរន្តអគ្គិសនីជាច្រើនថ្ងៃ ប៉ុន្តែមិនត្រូវបានសម្អាត និងរៀបចំតាមនីតិវិធី បរិយាកាសបិទជិតខាងក្នុងនឹងបង្កឱ្យមានសំណើម ដែលជាលក្ខខណ្ឌអំណោយផលដល់ការរីករាលដាលនៃបាក់តេរី និងផ្សិត។ ក្លិនមិនល្អនឹងកើតមានឡើង ដែលធ្វើឱ្យការសម្អាតក្រោយពេលត្រឡប់មកពីសម្រាកវិញ កាន់តែមានភាពស្មុគស្មាញ និងហត់នឿយ។

ក្រៅពីនេះ ប្រព័ន្ធកម្ដៅ និងប្រព័ន្ធត្រជាក់ដែលមិនត្រូវបានរក្សាស្ថានភាពស្ថេរភាព អាចបណ្ដាលឱ្យមានបាតុភូតអុកស៊ីតកម្ម។ ប្រសិនបើសំណើមដក់ជាប់ ហើយជ្រាបចូលទៅក្នុងគ្រឿងបន្លាស់អេឡិចត្រូនិក វានឹងធ្វើឱ្យសេនស័រវាស់កម្ដៅមានបញ្ហា កាត់បន្ថយប្រសិទ្ធភាពនៃការធ្វើឱ្យត្រជាក់នៅពេលប្រើប្រាស់ឡើងវិញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រោយពេលផ្ដាច់ចរន្តអគ្គិសនីយូរ នៅពេលអ្នកដោតព្រីវិញ ទូទឹកកកត្រូវដំណើរការក្នុងកម្លាំងខ្លាំងបំផុត (Full Power) ដើម្បីឱ្យសីតុណ្ហភាពចុះត្រជាក់ដល់កម្រិតកំណត់ ដែលនេះបង្កសម្ពាធដល់កុំប្រេសស័រ (Compressor) និងអាចធ្វើឱ្យអាយុកាលរបស់ឧបករណ៍ខ្លីជាងមុន។

យោងតាម AS Appliance Repair សម្រាប់ការសម្រាករយៈពេលខ្លីក្រោម២ សប្តាហ៍ ដំណោះស្រាយដ៏សមស្របបំផុតគឺទុកឱ្យទូទឹកកកបន្តដំណើរការក្នុងរបៀបសន្សំសំចៃភ្លើង។ អ្នកប្រើប្រាស់អាចសារ៉េសីតុណ្ហភាពឱ្យត្រូវនឹងបរិមាណអាហារដែលនៅសេសសល់ ឬបើកមុខងារ "Holiday/Vacation" (ប្រសិនបើមាន)។ វិធីនេះជួយឱ្យទូទឹកកកដំណើរការមានស្ថេរភាព ស៊ីភ្លើងតិចបំផុត និងធានាសុវត្ថិភាពដល់ប្រព័ន្ធធ្វើត្រជាក់។

ក្នុងករណីដែលចាំបាច់ត្រូវដកព្រី

ក្នុងករណីដែលអ្នកត្រូវទៅឆ្ងាយលើសពី១៥ ថ្ងៃ អ្នកអាចពិចារណាដកព្រីចេញដើម្បីបង្ការបញ្ហាអគ្គិសនីជាយថាហេតុ។ ប៉ុន្តែ ត្រូវអនុវត្តតាមជំហានឱ្យបានត្រឹមត្រូវ៖

  1. យកអាហារទាំងអស់ចេញពីទូទឹកកក។

  2. ផ្ដាច់ចរន្តអគ្គិសនី រង់ចាំឱ្យទឹកកករលាយអស់ទាំងស្រុង។

  3. សម្អាតផ្នែកខាងក្នុងឱ្យបានស្អាត និងជូតឱ្យស្ងួតជាដាច់ខាត។

  4. បើកទ្វារទូទឹកកកចំហបន្តិចក្នុងអំឡុងពេលដែលមិនប្រើប្រាស់ ដើម្បីជៀសវាងការផ្អាប់ក្លិន និងដុះផ្សិត។

ជារួមការដកព្រីភ្លើងពី​ទូទឹកកកមុនពេលត្រឡប់ទៅស្រុក មិនមែនជាជម្រើសល្អបំផុតគ្រប់ពេលនោះទេ។ ការសម្រេចចិត្តថាតើគួរដក ឬមិនដក គឺអាស្រ័យលើរយៈពេលដែលអ្នកអវត្តមាន។ ក្នុងករណីឈប់សម្រាករយៈពេលខ្លី ការរក្សាដំណើរការក្នុងរបៀបសន្សំសំចៃ នៅតែជាវិធីសាស្ត្រដែលមានសុវត្ថិភាព និងសមហេតុផលជាង៕

ប្រភព៖ kenh14

អត្ថបទ ៖ មោលី

អត្ថបទពេញនិយម
អត្ថបទថ្មី